(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការរស់នៅ តាមបែបសង្គមស៊ីវិល័យ និងផ្គត់ផ្គង់តាមតម្រូវការអតិថិជន ហាងអាហារសម្រន់ សានតាហ្វេ (SANTAFE) បានពង្រីកសាខាទី២របស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ជាន់ទី៣។
ថ្លែងក្នុងពិធីសម្ពោធហាងអាហារសម្រន់ ដែលរៀបចំធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន បូរិទ្ធ នាយកក្រុមហ៊ុន សុភាវ័ន្ត អិនវេសមិនស៍ បានឲ្យដឹងថា ហាងអាហារសានតាហ្វេ (SANTAFE) ដែលមានរសជាតិដើម មកពីសហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុនរបស់លោក រៀបចំកែច្នៃ ដើម្បីតម្រូវតាមរស់ជាតិបែបអាស៊ី។
លោក ហ៊ុន បូរិទ្ធ បានបន្ថែមទៀតថា អ្វីដែលអាចទាក់ទាញសម្រាប់ភ្ញៀវ របស់សានតាហ្វេ (SANTAFE) បានរហូតពង្រីកសាខាបែបនេះ ដោយសារតែអាហាររបស់លោក ផ្តោតទៅលើអាហារ ដែលមានគុណភាព រូបរាងម្ហូបអនាម័យ និងតំលៃមានលក្ខណៈសមរម្យ។ ចំណុចពិសេស របស់សានតាហ្វេ គឺជាអាហារសុខភាព ហើយតំលៃថោកសមរម្យ។
លោកបានបន្តថា ក្នុងមួយថ្ងៃសាច់ស្តេករបស់ សានតាហ្វេ យ៉ាងហោចណាស់ លក់បាន៤០០ចាន ក្នុងមួយថ្ងៃ។ នេះគិតត្រឹមតែសាច់ស្តេកប៉ុណ្ណោះ មិនទាន់រាប់បញ្ចូល នូវមុខម្ហូបផ្សេងៗ ដូចជាសាច់គោ និងអាហារជាច្រើន មុខទៀត។ លោកថា ដោយសារតែតម្រូវការបែបនេះ ទើបលោកសម្រេចចិត្តបើកសាខាទី២ បន្ថែមទៀត ក្នុងរយៈពេលមិនដល់មួយឆ្នាំផង។
អ្នកគ្រប់គ្រងទូទៅ រូបនេះ បានឲ្យដឹងថា ការបើកសាខាថ្មីនេះ ដោយសារមើលឃើញថា វិស័យភោជនីយដ្ឋាន មានភាពរីកដុះដាល នៅក្នុងប្រទេសកម្ពុជា និងអតិថិជនមានតម្រូវការច្រើន លើការបរិភោគអាហារ ស្តេក។ ហើយការបើកសាខាថ្មីនេះ គឺចង់ឲ្យប្រជាជនកម្ពុជា បានស្គាល់អ្វីទៅ ដែលហៅថា សាច់ស្តេក ព្រោះស្តេកពីមុនមកគេគិតថាថ្លៃ ប៉ុន្តែសម្រាប់ស្តេក នៅហាងសានតាហ្វេ មិនថ្លៃទេ គឺអាចទទួលយកបាន។
សូមជម្រាបថា សានតាហ្វេ ជាប្រ៊េនបែបអន្តរជាតិ ដែលក្រុមហ៊ុនបានទិញពីប្រទេសថៃ គិតមកដល់បច្ចុប្បន្ន សានតាហ្វេ មានជាង១០០សាខាហើយ នៅក្នុងប្រទេសថៃ៕