(បាត់ដំបង)៖ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រីផ្កាយមួយ មាស សុវណ្ណ និងកូនចៅរបស់ខ្លួន ថ្នាក់មេបញ្ជាការរងខេត្ត មេបញ្ជាការស្រុក និងមេបញ្ជាការរងអាវុធហត្ថស្រុក ត្រូវបានទទួលដាក់ទណ្ឌកម្មវិន័យ ពាក់ព័ន្ធបាតុភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួននៅក្នុងអង្គភាព។
ការដាក់ទណ្ឌកម្មវិន័យពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក្រោយពីក្រុមការងារអធិការកិច្ច បានចុះទៅធ្វើការស្រាវជ្រាវ ហើយរកឃើញការពិតជាក់ស្ដែង ពីការដឹកនាំមិនប្រក្រតីរបស់មន្ដ្រីអាវុធហត្ថទាំង៥រូបនេះ។
មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបងកន្លងទៅ ក៏មានព័ត៌មានមួយចំនួនត្រូវបានកូនចៅក្រោមឱវាទប្ដឹងទៅថ្នាក់លើ ពីអសកម្មភាព និងការដឹកនាំមិនប្រក្រតីយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេជាកងកម្លាំង ប្រដាប់អាវុធនៅថ្នាក់ក្រោមមិនពេញចិត្ត និងបែកបាក់សាមគ្គីផ្ទៃក្នុង ប៉ុន្ដែម្នាក់ៗខំអត់ធ្មត់ ព្រោះខ្លាចមេបញ្ជាការរូបនេះ ដកបញ្ឈរជើង ឬផ្លាស់ប្ដូរចេញពីតំណែង។ ប៉ុន្ដែនៅពេលនេះ ការផ្ដល់យុត្តិធម៌ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា នឹងធ្វើឲ្យពួកគេទាំងនោះសប្បាយចិត្ត ហើយសង្ឃឹមថា មេបញ្ជាការរូបនេះ នឹងកែប្រែឡើងវិញលើការដឹកនាំអង្គភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា មន្ដ្រីអាវុធហត្ថទាំង៥រូប ដែលទទួលរងការដាក់ទណ្ឌកម្មវិន័យនោះ រួមមាន៖
*ទី១ ៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
*ទី២ ៖ លោកវរសេនីយ៍ឯក សាម ប៊ុនធឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង
*ទី៣ ៖ លោកអនុសេនីយ៍ឯក ជួប ណូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត
*ទី៤ ៖ លោកអនុសេនីយ៍ឯក ឈឿន សុផាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត
*ទី៥ ៖ លោកនាយចំណង់ ណុប សំអឿន ជំនួយការកងរាជអាវុធហត្ថស្រុកសំឡូត។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានអំពាវនាវដល់សាធារណជន ក្នុងការបញ្ចេញមតិមូលបង្កាច់ បង្ខូចកេរ្ដិ៍ឈ្មោះលាបពណ៌ ញុះញង់ក្នុងន័យបំបែក បំបាក់ផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ប៉ុន្ដែជាក់ស្ដែង នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងដម្កល់ច្បាប់ជាធំ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ហើយនឹងមិនលើកលែងដាច់ខាត ចំពោះមន្ដ្រីអាវុធហត្ថរូបណា ដែលធ្វើផ្ទុយពីច្បាប់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «ការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាព ប៉ុន្តែសូមគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្តិយល កេរ្តិ៍ឈ្មោះរបស់អ្នកដទៃឡើយ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ រីឯបុគ្គលដែលបញ្ចេញមតិមូលបង្កាច់ បង្អួចកេរ្តិ៍ឈ្មោះ លាបពណ៌ ញុះញង់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងកងរាជអាវុធហត្ថ យើងខ្ញុំមិនអាចទទួលយកបានទេ។ យើងខ្ញុំរីករាយនិងស្វាគមន៍ទទួលយករាល់ការរិះគន់ មតិដើម្បីស្ថាបនា។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូម
អរគុណដ៏ជ្រាលជ្រៅចំពោះការចូលរួម និងគាំទ្រនូវសកម្មភាពការងាររបស់កងរាជអាវុធហត្ថពីសំណាក់អ្នកសារព័ត៌មាន និងសាធារណជននាពេលកន្លងមក»។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ ផ្កាយមួយ មាស សុវណ្ណ ពីមុនជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បន្ទាប់មកត្រូវបានផ្លាស់ទៅកាន់ជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង មុនផ្លាស់ទៅកាន់មេបញ្ជាការអាវុធហត្ថនៅខេត្តបាត់ដំបង រហូតមកដល់ពេលបច្ចុប្បន្ននេះ៕