(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន «ទ្រូម៉ាន់នី» គោលដៅចង់ឲ្យអតិថិជន មានភាពងាយស្រួលក្នុងការបង់ប្រាក់កម្ចី តាមរយៈសេវាកម្ម TrueMoney App ដែលកាន់តែពិសេសសម្រាប់អតិថិជន និងផ្តល់ភាពងាយស្រួល ក្នុងបង់ប្រាក់លើសេវាកម្មដ៏ល្អមួយនេះ។
ពិធីប្រកាសជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដោយមានការចូលរួមពីលោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងលោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបរបស់ស្ថាប័នទាំងពីរ។
លោក ដុស ឌីន បានលើកឡើងថា «ការចុះហត្ថលេខាក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន ទ្រូម៉ាន់នី នាថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងពីកម្លាំងផ្គួបរបស់ក្រុមហ៊ុនទាំងពីរ ដែលមានអត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ ក្នុងការកាត់បន្ថយចំណាយប្រតិបតិ្តការរបស់ខ្លួន និងការផ្តល់សេវារហ័ស ដែលឆ្លើយតបទៅនឹងតំរូវការពិតប្រាកដ របស់អតិថិជន»។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ តាមរយៈភាពជាដៃគូនេះគឺដើម្បីផ្តល់ជម្រើសដ៏ងាយស្រួលដល់អតិថិជន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ក្នុងការទូទាត់សងកម្ចីតាមរយៈតាមភ្នាក់ងារទ្រូម៉ាន់នី ដែលមានជាង ១០,០០០កន្លែង ទូទាំងប្រទេសកម្ពុជា តាមរយៈ TrueMoney App។
ជាមួយគ្នានេះដែរ លោកស្រី ឃួន ហ្វ្រង់ដារា បានបញ្ជាក់ថា «ក្រោមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនេះ ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ប្រាក់កម្ចីនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់អតិថិជនទាំងអស់ ហើយក៏ជាជម្រើសដ៏ត្រឹមត្រូវមួយ សម្រាប់ពួកគាត់ក្នុងការបង់ប្រាក់កម្ចី ដែលមានភាពងាយស្រួលចំណេញពេលវេលា, ចំណេញថវិកា និងមានសុវត្ថិភាពខ្ពស់»។
លោកស្រីបន្ថែមថា អតិថិជន មិនចាំបាច់ចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើដំណើរទៅឆ្ងាយពីតំបន់របស់ខ្លួនទៀតឡើយ គឺគ្រាន់តែឆ្ពោះទៅកាន់ភ្នាក់ងារទ្រូម៉ាន់នីយ៉ាងច្រើនកន្លែង នៅក្នុងតំបន់របស់ពួកគាត់ រួចប្រតិបត្តិការបង់ប្រាក់កម្ចីជាការស្រេច ហើយកាន់តែពិសេសនោះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការបង់ប្រាក់កម្ចី ដោយភាពងាយស្រួល និងដោយខ្លួនឯងផ្ទាល់ តាមរយៈ កម្មវិធី TrueMoney (TrueMoney App)។
លោកស្រីបញ្ជាក់បន្ថែមទៀតថា «ដើម្បីអបអរសាទរដល់កិច្ចសហប្រតិបត្តិការនេះ អតិថិជនអាចបង់ប្រាក់កម្ចីទៅ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ឬ TrueMoney App ជាមួយនឹងកម្មវិធីពិសេសជូនក្នុងពេលឆាប់ៗខាងមុខនេះ»។
ភាពជាដៃគូរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» និងក្រុមហ៊ុន «ទ្រូម៉ាន់នី» នឹងកាន់តែមានភាពរឹងម៉ាំកាន់តែខ្លាំងជាងមុន និងបានផ្តល់ជម្រើសជាច្រើន ដល់អតិថិជនកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ឲ្យមានភាពងាយស្រួល ក្នុងការបង់ប្រាក់កម្ចីត្រឡប់មកវិញ ដោយមិនចាំបាច់ទៅដល់ស្នាក់ការផ្ទាល់ ដោយតាមរយៈភ្នាក់ងារ «ទ្រូម៉ាន់នី» ដែលនៅជិតអតិថិជនបំផុត៕