(ចិន)៖ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណៈរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងអំឡុងពេលទស្សនកិច្ចនោះ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រសួងសន្តិសុខសាធារណៈចិន និងថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនចិន។

ក្នុងនាមតំណាង ឲ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រកម្ពុជា ក្នុងពេលកន្លងមកលើគ្រប់វិស័យរួមមាន វិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឺមយ៉ាន ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគីមិត្ត ពីសភាពការណ៍គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារត្រួតពិនិត្យគ្រឿងញៀន ដោយផ្តោតលើយន្តការពហុវិស័យទាំងផ្នែកអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួម គាំទ្រពីគ្រប់វិស័យ និងបានស្នើសុំការគាំទ្រពីភាគីចិន នូវការគាំទ្រផ្នែកសម្ភារបច្ចេកទេស ការអប់រំផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្រី្ត អនុវត្តច្បាប់ និងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ជាការឆ្លើយតបភាគីចិន បានសម្តែងនូវការកោតសរសើរ លើចំណងមិត្តភាព កម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានធ្វើឲ្យប្រទេសយើងទាំងពីរ ក្លាយជាដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ព្រមទាំងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់។

ជាមួយគ្នានេះ ភាគីចិន ក៏ស្នើឲ្យមានកិច្ចសហប្រតិបត្តិការ រួមលើការងារត្រួតពិនិត្យគ្រឿងញៀន និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ប្រទេសទាំងពីរ។

ក្នុងឱកាសបំពេញទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិននេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានទស្សនកិច្ចទៅខេត្តយូណាន ដែលក្នុងនោះ៖

ទី១៖ គណៈប្រតិភូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរខេត្តយូណាន និងបានទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលប្រមូលព័ត៌មានគ្រឿងញៀន ខេត្តយូណាន ដែលជាមជ្ឈមណ្ឌលមួយ បម្រើសេវាព័ត៌មានគ្រឿងញៀន សម្រាប់ខេត្តយូណាន និងប្រទេសក្នុងតំបន់។
ទី២៖ ចុះទៅទស្សនកិច្ចផ្លាស់ប្តូរ បទពិសោធន៍លើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តយូណាន និងសាលាបណ្ឌិតសភានគរបាលខេត្តយូណាន។
ទី៣៖ ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តយូណាន ដើម្បីផ្លាស់ប្តូរព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន និងជំរុញកិច្ចសហប្រតិបត្តិការងារសេដ្ឋកិច្ច រវាងកម្ពុជា ជាមួយខេត្តយូណាន ពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្តសម្ព័ន្ធមេត្រីខេត្តយូណាន ចិន និងខេត្តបន្ទាយមានជ័យ កម្ពុជា ដើម្បីគាំទ្រគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងវប្បធម៌៕