(ភ្នំពេញ)៖ អ្នកជំងឺ ជាយោធិន និងប្រជាពលរដ្ឋ៤០៨នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា បានសម្ដែងការសប្បាយចិត្ដ ត្រេកអរស្ទើរស្រក់ទឹកភ្នែក ពេលអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើសួរសុខទុក្ខ រួមជាមួយនិងថវិកា ស្បៀងអាហារ និងសម្ភារមួយចំនួន ដើម្បីជួយសម្រាលការខ្វះខាត។
ពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺ បានលើកឡើងដូចៗគ្នាថា ការយកចិត្ដទុកដាក់ គិតគូរពីសុខទុក្ខ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបានភាពកក់ក្ដៅជាពន់ពេក ស្ទើរតែរកពាក្យអ្វីនិយាយពីទំហំចិត្ដនៃការរំភើបសប្បាយរីករាយ ព្រោះថា គ្រាដែលកូនៗមានទុក្ខលំបាក មិនថានៅទីកន្លែងណា តែងតែមានវត្ដមាន អ្នកម្ដាយមនុស្សធម៌ បានដឹកនាំ និងចាត់តាំងមន្ដ្រីដោយផ្ទាល់ មកចុះសួរសុខទុក្ខ ជួយដោះស្រាយបញ្ហា និងសម្រាលរាល់ការលំបាក ដោយមិនទុក រូបកូនណាម្នាក់ចោលនោះឡើយ។
កូនៗទាំងអស់គ្នា ពិតជាអរគុណអ្នកម្ដាយខ្លាំងណាស់ ដែលតែងតែលះបង់ ពលីកម្លាំងកាយចិត្ដ ស្វះស្វែង ជួយសង្គ្រោះកូនៗគ្រប់រូប ដែលរងគ្រោះ និងងាយរងគ្រោះបំផុត គ្រប់រូបភាព រួមទាំងគ្រោះមហន្ដរាយធម្មជាតិជានានា។ ទោះខណៈនេះ សម្ដេចមានធុរៈ ដើម្បីមើលថែរក្សាសុខភាព អ្នកម្ដាយរបស់លោកក៏ដោយ ក៏សម្ដេចនៅតែចាត់តំណាងរបស់សម្ដេច ឱ្យចាត់ចែងមើលការខុសត្រូវ និងជួយរំលែកការលំបាករបស់កូនៗផងដែរ។ កូនទាំងអស់គ្នាសូមថ្លែងអំណរគុណ ដល់ទឹកចិត្ដសប្បុរសរបស់អ្នកម្ដាយខ្លាំងណាស់ និងសូមបន់ស្រន់ដល់ទេវតា សូមតាមថែរក្សាដល់អ្នកម្ដាយ និងគ្រួសារ មានសុខភាពល្អបរិបូរណ៌»។
ជាមួយគ្នានោះ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងស្រឡាញ់យ៉ាងជ្រាលជ្រៅដល់ពលរដ្ឋគ្រប់រូប ឱ្យឆាប់ជាសះស្បើយពីជំងឺ និងបានត្រលប់ទៅគេហដ្ឋានវិញ។
លោកស្រីកិត្ដិបណ្ឌិត បានថ្លែងបន្ដថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្ដេកកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែនឹកគិត អំពីសុខទុក្ខរបស់ប្រជាជនជានិច្ច រាស្ដ្រ បានសុខ សម្ដេចក៏មានសេចក្ដីសុខក្នុងចិត្ដផងដែរ។
ក្នុងឱកាសនោះ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានលើកឡើងផងដែរថា ពេទ្យ ជាអ្នកផ្ដល់ជីវិត និងសេចក្ដីសង្ឃឹម ជូនដល់អ្នកជំងឺ, គ្រូពេទ្យ ជាមនុស្សចិត្ដធម៌មួយរូប ដែលតែងតែសង្គ្រោះជីវិតមនុស្សឈឺ ឱ្យជាសះស្បើយឡើងវិញ និងឆ្លងផុតពីសេចក្ដីស្លាប់។ ដូច្នេះ សូមលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យទាំងអស់ បន្ដយកចិត្ដទុក្ខដាក់ ថែទាំ និងព្យាបាលអ្នកជំងឺ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
លើសពីនោះ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ក៏បានថ្លែង ការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពដ៏ល្អប្រសើររបស់មន្ទីរពេទ្យ ព្រះកេតុមាលា ដែលបានព្យាបាលដល់យោធិន និងប្រជាពលរដ្ឋយើង ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សូមជម្រាបផងដែរថា ក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី រួមដំណើរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំ និងមន្ត្រី កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺ ជាយោធិន និងប្រជាពលរដ្ឋ ចំនួន៤០៨នាក់ ដែលកំពុងសម្រាកព្យាបាល នៅតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យព្រះកេតុមាលា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានផ្តល់ជូន អ្នកជំងឺក្នុងម្នាក់ៗទទួលបាន៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោប្រអប់ ១២ប្រអប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា ចំនួន៥០,០០០រៀល៕