(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពពិធីបិទសន្និសីទ អន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក» និង «បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលមានការចូលរួមពីសំណាក់អ្នកស្រាវជ្រាវ មកពីបណ្តាប្រទេសចំនួន១៨ ក្នុងទ្វីបអាស៊ី នៅសណ្ឋាគារភ្នំពេញ។
លោកបណ្ឌិត សុខ ទូច បានចាត់ទុក សន្និសីទអន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក» នៅក្នុងយុគសម័យបច្ចេកវិទ្យា គឺជាវេទិកាដ៏ល្អបំផុត សម្រាប់អ្នកសិក្សាស្រាវជ្រាវ ដែលបានលើកឡើងពីប្រធានបទជាច្រើនមានតម្លៃជាសារវ័ន្ត ដោយមានការចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវរហូតដល់១៨ប្រទេស បូកទាំងប្រទេសកម្ពុជាផងនោះ គឺមានតម្លៃមហាសាល ដែលអាចប្រមូលអ្នកចេះដឹង ដើម្បីធ្វើការបើកបង្ហាញនូវតម្លៃវប្បធម៌ ដ៏សម្បូរបែបរបស់មនុស្ស នៅក្នុងពិភពលោក។
លោកបណ្ឌិត សុខ ទូច បានបន្តថា ការចែករំលែកវប្បធម៌ពីសំណាក់ប្រជាជនផ្សេងៗ នៅជុំវិញពិភពលោកនឹងធ្វើឱ្យមនុស្សគ្រប់គ្នា បានដឹងពីជាតិសាសន៍មួយ ព្រោះវប្បធម៌ គឺជាកញ្ចក់ឆ្លុះបញ្ចាំងរាល់តថភាពនៃសង្គម ពេលខ្លះគ្រាន់តែឃើញពីចម្លាក់ គឺអាចដឹងពីសម័យកាល នៃវប្បធម៌ពីសម័យនោះផងដែរ។
គ្មានវប្បធម៌ណាមួយល្អជាងវប្បធម៌ណាមួយនោះទេ ហើយគ្មានជំនឿសាសនាណាមួយ ដែលមានភាពល្អឥតខ្ចោះលើស ជំនឿវប្បធម៌ណាមួយនោះដែរ បើសិនជាយើងប្រកាន់ជំហរបែបនេះ ពិភពលោកនឹងមានសន្តិភាព ហើយមិនបង្កឱ្យមានសង្គ្រាមនោះទេ។ ក៏ប៉ុន្តែប្រសិនបើយើងនៅតែឱ្យតម្លៃវប្បធម៌ណាមួយខ្ពស់ជាងគេ វាអាចនឹងបង្កឱ្យមានសង្គ្រាមមិនខាននោះឡើយ។ នេះជាបញ្ជាក់របស់លោកបណ្ឌិត សុខ ទូច។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា «បច្ចេកវិទ្យាទំនើបដាច់ខាតត្រូវតែទទួលយក ប៉ុន្តែត្រូវតែមានក្រមសីលធម៌ នៃវិជ្ជាជីវៈ បើគ្មានក្រមសីលធម៌ វិជ្ជាជីវៈទេ បច្ចេកវិទ្យាជាឧបករណ៍សម្លាប់ប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា មិនខានដោយសារការធ្វើទំនើបកម្ម នៃបច្ចេកវិទ្យាធ្វើឱ្យប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនានឹងបាត់បង់ជាក់ជាមិនខាន ដូច្នេះ ដាច់ខាតត្រូវតែមានក្រមសីលធម៌»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្ថែមទៀតថា សម័យនេះពិភពលោកកំពុងតែប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ដែលអាចហៅម្យ៉ាងទៀតថា សង្គ្រាមបច្ចេកវិទ្យា ទោះបីវាមិនលេចធ្លោដូចជាការបង្ហូរឈាមក៏ដោយ ប៉ុន្តែសង្គ្រាមបច្ចេកវិទ្យាវាបានក្តោបមនុស្ស និងពិភពលោកឱ្យនៅកាន់តែតូច ដោយអាចស្គាល់ពិភពលោក បានដោយមិនចាំបាច់ធ្វើដំណើររាប់ម៉ឺន រាប់សែនគីឡូមែននោះទេ គឺគេបង្រួញពិភពលោកឱ្យនៅតូច ដោយប្រើប្រាស់តែស្មាតហ្វូនមួយតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីទាំងអស់នេះ ត្រូវតែបន្សាំងទៅនឹងវប្បធម៌ ប្រពៃណី និងសាសនាជាដើម៕