(ភ្នំពេញ)៖ វិនិយោគិនខ្មែរមួយក្រុម បានបណ្ដាក់ទុនវិនិយោគគម្រោងលំនៅឋានមួយកន្លែង នៅក្នុងតំបន់ព្រែកឯង ដោយចំណាយទឹកប្រាក់ប្រមាណជិត ១០០លានដុល្លារអាមេរិក លើផ្ទៃដីជាង៥ហិចតា ដើម្បីបំពេញតម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា ជាពិសេសលំនៅឋាន នៅរាជធានីភ្នំពេញ ។
ថ្លែងក្នុងសន្និសីទបន្ទាប់ពីបើកការដ្ឋានសាងសង់គម្រោង គីម ស័ង នៅតំបន់ព្រែកឯង, លោកផុន ដាណែត ជាតំណាងម្ចាស់គម្រោង និងជាប្រធានផ្នែកលក់ បានថ្លែងថា កត្តាដែលជំរុញឲ្យបុរី គីម ស័ង ងាកមកសាងសង់នៅតំបន់ច្បារអំពៅ ព្រែកឯងនេះ ដោយសារតែតំបន់នេះ គឺជាតំបន់ដែលពោរពេញដោយសក្ដានុពលលំនៅឋាន ជាក់ស្ដែងនៅជុំវិញគម្រោងបុរី គីមស័ងនេះ គឺសុទ្ធតែជាគម្រោងលំនៅឋានល្បីៗ និងមានទុនវិនិយោគរាប់រយពាន់លានដុល្លារអាមេរិក។ ម្យ៉ាងទៀត គម្រោងនេះមានផ្លូវចេញចូលស្រួល ជាប់តំបន់ឧស្សាហកម្ម និងតភ្ជាប់ទៅតំបន់កណ្ដាលក្រុងបានយ៉ាងងាយផងដែរ។
លោកបន្តថា គម្រោងនេះ គឺជាគម្រោងដំបូងរបស់ខ្លួន ហើយក៏មិនមែនជាគម្រោងចុងក្រោយដែរ។ គម្រោងលំនៅឋាន គីម ស័ង បានគិតគូរច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅតំបន់នេះ។ លោកបន្ថែមថា មុននឹងសម្រេចអភិវឌ្ឍន៍គម្រោងមួយនេះ អ្នកអភិវឌ្ឍន៍បានសិក្សាលម្អិត ពីសក្ដានុពលជាពិសេសទៅលើទីតាំង ជាក់ស្ដែងទីតាំងរបស់គម្រោងគីម ស័ង នៅព្រែកឯងនេះ គឺមានសក្ដានុពលខ្លាំង និងមានភាពទាក់ទាញពីសំណាក់អតិថិជន ដែលកំពុងស្វែងរកលំនៅឋានស្នាក់នៅ។
យោងតាមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកន្លងមកថា កំណើននៃការវិនិយោគវិស័យសំណង់ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ នៅតែទទួលបានទឹកប្រាក់ខ្ពស់ ជាក់ស្ដែងក្នុងរយៈ១១ខែ ដើមឆ្នាំ ២០១៩នេះ ទុនវិនិយោគក្នុងវិស័យសំណង់មានទឹកប្រាក់ប្រមាណ ៨,៧៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៧,៤៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ សម្រាប់ឆ្នាំ២០១៩នេះ រំពឹងថានឹងទទួលបានទឹកប្រាក់វិនិយោគប្រមាណជាង ៩,៣ពាន់លានដុល្លារអាមេរិក ទៅលើវិស័យសំណង់។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្ដៅកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់៕