(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញ ព្រមទាំងលោកអគ្គនាយក និងលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះទៅត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ជូនដល់ប្រជាកសិករក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងមួយផ្នែកនៃខេត្តបាត់ដំបង តាមរយៈអាងទឹកពោធិ៍សាត់ទី៣ និងទី៥។
សូមបញ្ជាក់ជូនថា អាងទឹកទាំង ២ខាងលើនេះ ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេច ក្នុងការថែររក្សាទឹកទុក តែបច្ចុប្បន្ននេះ ជាតម្រូវការចាំបាច់ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យបើកទឹកនូវអាងទឹកពោធិ៍សាត់ទី៣ នៅថ្ងៃទី១៨ និងបន្តបើកទឹកនៃអាងទឹកពោធិ៍សាត់ទី៥ នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះបន្ថែមទៀត ដើម្បីបង្កើនលំហូរទឹកឲ្យបានច្រើនទប់ទល់នឹងម៉ាស៉ីនបូមទឹក ដែលចូលរួមដោយប្រជាកសិករយ៉ាងសស្រាក់សស្រាំ ក្នុងចំនួនសរុបប្រមាណ ២៨២គ្រឿង និងផ្តល់ប្រេងដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
ជាបច្ចុប្បន្នភាពជាក់ស្តែង សម្រាប់ស្រូវវស្សាបានច្រូតកាត់ប្រមូលផលស្ទើរ ១០០%ហើយ។ ប្រត្តិបត្តិការនេះ សម្រាប់ស្រូវប្រាំងទូទាំងខេត្ត ដែលតាមផែនការ មានចំនួន ៩.៥០០ហិកតា តែជាក់ស្តែងធ្វើរហូតដល់ទៅ ២៥.៦៨៨ហិកតា ត្រូវជា ២៧០%។ ដោយឡែកសម្រាប់តែស្រុកបាកានមួយ ផែនការមានចំនួន ៤.៥០០ហិកតា តែការធ្វើជាក់ស្តែងមានរហូតទៅដល់ ១៩.០០០ហិកតា។
ទាំងអស់នេះ ស្តែងឲ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕