Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានព្រឹទ្ធសភា ផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពលោក យឹម សេត

20-12-2019 12:34

(ភ្នំពេញ)៖ សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមជាសមាជិកសមាជិកាព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកស្រី សៅ ថៃ ភរិយារបស់លោក យឹម សេត ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី៣ នៃព្រឹទ្ធសភា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក យឹម សេត ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតរបស់ប្រធានស្តីទីព្រឹទ្ធសភា បានចាត់ទុកថា មរណភាពរបស់របស់លោក យឹម សេត គឺជាការបាត់បង់នូវស្វាមី បិតា ជិតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់អ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានបូជាកន្លាំងកាយ កម្លាំងចិត្ត ស្មារតី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍នៅក្នុងសារចូលរួមរំលែកទុក្ខថា «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមលើកហត្ថបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដល់ វិញ្ញាណក្ខន្ធ ឯកឧត្តម យឹម សេត ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី៣ នៃព្រឹទ្ធសភាសូមបានទៅកាន់សុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ»