(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ ជើងឯកវិទ្យាល័យ (High School League) លើកទី១ ឆ្នាំ២០១៩ បានរកឃើញជ័យលាភី រដូវកាលទីមួយហើយ គឺក្រុមជើងខ្លាំងវិទ្យាល័យ ឥន្ទ្រទេវី ដោយទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល។ វិទ្យាល័យឥន្ទ្រទេវី គឺជាក្រុមខ្លាំងដែលបានបង្កើតកំណត់ត្រាមិនបរាជ័យម្តងណាសោះ ដោយឈ្នះ ១៥ប្រកួត និងស្មើ ១ប្រកួត មុនពេលគ្រងជើងឯកនេះ។
ក្នុងពិធីបិទការប្រកួតពានរង្វាន់ ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ បានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រារព្ធឡើងនៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ របស់ក្លឹបបាល់ទាត់បឹងកេត។
ក្នុងពិធីនេះ លោក ហ៊ុន ម៉ានី បានសម្តែងនូវការអបអរសាទរដល់ក្រុមកីឡាករទាំងអស់ ដែលបានចូលរួមប្រកួត ជាពិសេសក្រុមដែលបានឈានមកដល់វគ្គផ្តាច់ព្រាត់នេះ។
ជាងនេះទៅទៀត លោកក៏សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដាក់អាទិភាព ក្នុងការខិតខំប្រឹងប្រែងសិក្សាឲ្យកាន់តែសកម្ម និងឆ្លៀតពេលពីការសិក្សាហាត់លេងកីឡា ដើម្បីសុខភាពរឹងមាំ ទាំងផ្លូវកាយ និងស្មារតី និងដើម្បីកសាងភាតរភាព និងមិត្តភាពរវាងគ្នា និងគ្នាបន្ថែមទៀត។
សូមជម្រាបថា កម្មវិធីជើងឯកវិទ្យាល័យ (High School League) គឺជាការសហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លឹបបាល់ទាត់បឹងកេត។ ព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ជើងឯកវិទ្យាល័យត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០១៩នេះ ដោយមាន ៩ក្រុមចូលរួម ដែលការចាប់ផ្តើមប្រកួតវគ្គសន្សំពិន្ទុជាផ្លូវការ បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។
លោក ងួន សុភៈ ប្រធានគណៈកម្មាធិការប្រតិបត្តិរៀបចំការប្រកួត បានថ្លែងក្នុងសន្និសីទបើកកម្មវិធីជើងឯកវិទ្យាល័យថា យុទ្ធនាការ ដែលមានរយៈពេលត្រឹមតែជាង ៣ខែនេះ គឺត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគ្នា រវាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់អាជីព បឹងកេតអែហ្វស៊ី ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរ ខ្លាំងក្លាបន្ថែមទៀត ដោយមានការអនុញ្ញាត និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ប្រាក់រង្វាន់វិញ សម្រាប់ជើងឯក នឹងទទួលបាន ពានប្រចាំព្រឹត្តិការណ៍១ និងប្រាក់រង្វាន់ចំនួន ៦០លានរៀល (១៥០០០ដុល្លារ) ខណៈលេខ២ នឹងទទួលបាន ៤០លានរៀល និងលេខ៣ ទទួលបាន ២០លានៀន និងមានរង្វាន់ជាច្រើនទៀត សម្រាប់កីឡាករលេងល្អប្រចាំព្រឹត្តិការណ៍នេះផងដែរ៕