(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អំពីសុវត្ថិភាពម្ហូបអាហារនៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ប៊ុន ចំរើន ប្រធានសាខា បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នាំយករថយន្តពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យ ផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន ០៥ រួមមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែរច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា សកម្មភាពទាំងអស់នេះ ក្រុមការងាររបស់ជំនាញកាំកុងត្រូល បានគំរូចំនួន ៨៦គំរូ នៃផលិផលចំណីអាហារមកធ្វើការវិភាគ ជាលទ្ធផលរកមិនឃើញផលិតផលណាមួយមានសារធាតុគីមីហាមឃាត់នោះទេ។
លោកបានបន្តថា កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារ គឺនៅតែបន្តធ្វើ និងពង្រឹងសកម្មភាពកាន់តែសកម្មជាងមុន សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ តាមរយះការជួយបង្ការ អោយជៀសផុតពីជម្ងឺ រោគា ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារចំលងមេរោគ និងមានលាយសារធាតុគីមីពុលនៅក្មុងនោះ។
នៅក្នុងប្រតិបត្តិការនេះដែរលោក ប៊ុន ចំរើន ក៏បានពន្យល់ណែនាំដល់អាជីវករ អោយធ្វើការដាក់តាំងលក់ផលិតផល អោយបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ (កាលបរិច្ឆេទ) ផុតកំណត់។
យើងសង្កេតឃើញថា ប្រជាពលរដ្ឋ និងអាជីវករ មានការសាទរចំពោះការយកចិត្តទុកដាក់ការត្រួតពិនិត្យ និងការអប់រំរបស់មន្រ្តីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗរកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕