(កំពត)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាស និងប្រគល់ជ័យលាភីស្នាដៃស្ថាបត្យ​​ កម្មវិធីលក់ម្ហូបអាហារ ក្នុងខេត្តកំពត ឆ្នាំ២០១៩ ក្រោយពីបានឆ្លងកាត់ការពិនិត្យ និងវាយតម្លៃសា្នដៃនិស្សិត ដែលបានដាក់ពាក្យចូលរួមប្រឡងប្រណាំង។

ពិធីនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត លោកលោក ជាវ តាយ អភិបាលខេត្តកំពត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពត មន្ត្រីរាជការ អង្គភាពចំណុះរដ្ឋបាលខេត្តកំពត ប្រមាណ ៥០០នាក់។

អង្គពិធីទាំងមូលបានរីករាយអបអរសាទរ និងកោតសរសើរដល់ស្នាដៃនិស្សិតជ័យលាភី ដែលជាយុវជនជំនាន់ក្រោយបានចូលរួមសិក្សាស្វែងយល់ ក៏ដូចជារៀបចំជាគម្រោងស្ថាបត្យកម្មសម្រាប់ឱ្យកែលម្អវិធីលក់ម្ហូបអាហារ ខេត្តកំពតកាន់តែប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា ជយលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមនិស្សិតដែលមានឈ្មោះ៖ ទី១. លោក ចាន់ សុត្ថាណាតូ ២. លោក យ៉ា សុន ឧត្តម និង ៣. កញ្ញា ថោង រតនរង្សី មកពីសាកលវិទ្យាល័យលីមកុកវីង។

គួររំលឹកថា ទីតាំងដែលបានជ្រើសរើសដាក់ឱ្យប្រឡងប្រណាំងស្ថាបត្យ កម្មវិធីលក់ម្ហូបអាហារខេត្តកំពត ស្ថិតនៅតាមបណ្ដោយសួន ក្បែរផ្សារក្រណាត់។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា វិថីលក់ម្ហូបអាហារ ឬ Food Street នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់វិស័យទេសចរណ៍ ក៏ដូចជាដល់សេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះភ្ញៀវទេសចរទាំងអស់អាចពិសាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ចម្អិនថ្មីៗក្តៅៗស្រស់ៗ និងមានអនាម័យ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចទស្សនាពីរបៀប ឬសិល្បៈនៃការចម្អិនអាហារ ការតុបតែងម្ហូបអាហារ ការបម្រើសេវាកម្ម និងរបៀបបរិភោគ។

ដើម្បីបញ្ជាក់ជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតជយលាភី លោករដ្ឋមន្ត្រី ថោង ខុន បានប្រគល់ជូននូវវិញ្ញាបនបត្របញ្ជាក់អំពីជយលាភី និងថវិកាចំនួន ៤លានរៀល និងបានប្រគល់ជូនសៀវភៅប្លង់គំរូប្រភេទ ២D ដល់លិកអភិបាលខេត្ត ជាវ តាយ ថែមទៀតផង៕