(ឧត្តរមានជ័យ)៖ លោកស្រី ហេង សំអាន ភរិយាលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានតែងតាំងជាប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមួយនេះ ខណៈលោកស្រី មុំ ពុទ្ធី តាអភិបាលរងខេត្ត ត្រូវបានតែងតាំងប្រធានសមាគម ជំនួសលោកស្រី ច័ន្ទ គន្ធា ភរិយាលោក ស ថាវី អតីតអភិបាលខេត្ត។
ពិធីនេះស្ថិតក្រោមវត្តមានលោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងលោកស្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជាច្រើនរូបទៀត។
លោក ប៉ែន កុសល្យ បានលើកឡើងថា ដើម្បីអនុវត្តន៍គោលនយោបាយសមភាពយែនឌ័ររបស់រាជរដ្ឋាភិបាល, រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ស្ត្រីបានចូលរួមក្នុងតួនាទី ធ្វើសេចក្តីសម្រេចចិត្តតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានក្នុងនោះរួមមាន៖ ស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលរហូតដល់ប្រធាន អនុប្រធានការិយាល័យ និងសមាជិកក្រុមប្រឹក្សាស្រុកឃុំសង្កាត់ជាច្រើនរូបទៀត។
អភិបាលខេត្តបានបន្តថា ផ្អែកលើតួនាទីទាំងនេះ និងរឹតតែជួយជំរុញមន្ត្រីរាជការជានារីបានចូលរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លោកបន្តទៀតថា ការប្រកាសកែសម្រួលសមាជិកសាខាសមាគមនារីខេត្តឧត្តរមានជ័យ ដែលមានសមាសភាព និងរចនាសម្ពន្ធពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន និងលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្ត្រីចំណេះដឹង និងជំនាញតាមតម្រូវការ ក៏ដូចជាចូលរួមដោះស្រាយរាល់ក្តីកង្វល់ និងបញ្ហាប្រឈមនានានៅមូលដ្ឋានកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងឱកាសនោះលោកស្រី មាន សំអាន បានពាំនាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខ ពីលោកស្រី ម៉ែន សំអន ជូនចំពោះអស់លោក លោកស្រីទាំងអស់ ក្នុងមនោសញ្ចេតនាស្រឡាញ់ រាប់អានដ៏ស្និទស្នាល និងកក់ក្តៅជាទីបំផុត។
ជាមួយគ្នានេះដែរ លោកស្រីក៏បានសំដែងនូវការស្វាគមន៍ និងអបអរសារទរចំពោះបងប្អូននារីទាំងអស់ នៃគណៈកម្មការសាខាសមាគមនារីខេត្តឧត្តរមានជ័យ ដែលទទួលបានការតែងតាំងថ្មី។
លោកស្រី មាន សំអាន បានបន្ថែមទៀតថា ដោយសារស្ត្រីកម្ពុជាមានចំនួនច្រើនជាង ៥២% នៃប្រជាជនទាំងមូល បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិសយ័កសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្មហើយបានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើន។
ហេតុនេះទើបរាជរដ្ឋាភិបាល បានកំណត់ច្បាស់ថា ស្ត្រីគឺជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការលើតម្កើងតម្លៃស្ត្រី ជាពិសេសលើផ្នែកសមាសភាព យែនឌ័រ។ ក្នុងផែនការអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តអនុវត្តគោលនយោបាយសមាសភាពយែនឌ័រ តាមរយៈការបញ្ជ្រាបយែនឌ័រនៅគ្រប់វិស័យ និងកម្មវិធីអភិវឌ្ឍន៍នានា៕