(កំពង់ឆ្នាំង)៖ កម្លាំងចម្រុះដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានហៅក្រុមឈ្មួញរកស៊ីដឹកជញ្ជូនលៀសពីខេត្តផ្សេង មកឡើងនៅជើងកំពុងឆ្នុកទ្រូ ក្នុងភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើកិច្ចសន្យាឲ្យបញ្ចប់ការរកស៊ីដឹកជញ្ជូនលៀសមកឡើងនៅជើងកំពុងឆ្នុកទ្រូនេះជាបន្តទៀត។

លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លៀសរាប់ពាន់ការ៉ុងដែលដឹកឡើងតាមជើងកំពង់ឆ្នុកទ្រូនេះ មិនមែនកាយឡើងនៅក្នុងដែន ទន្លេរបស់ខេត្តកំពង់ឆ្នាំងនោះឡើយ ហើយប្រសិនបើកើតមានការកាយលៀសនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងមែន លោកនឹងចុះបង្ក្រាបភ្លាមៗតែម្តង ព្រោះបទល្មើសនេសាទ គឺជាបទល្មើសជាក់ស្តែង ហើយកន្លងមក លោកបានហាមប្រាមដាច់ខាតដល់មន្ត្រីក្រោមឱវាទមិនឲ្យពាក់ព័ន្ធនោះឡើយ។

លោកនាយខ័ណ្ឌបានបញ្ជាក់បែបនេះ ខណៈលោកដឹកនាំកម្លាំងចំរុះ ចុះអប់រំណែនាំ និងហាមទូកលៀសទាំងនោះឲ្យបញ្ឈប់ការចូលលើកដាក់លៀសនៅជើងកំពង់ឆ្នុកទ្រូនេះជាបន្តទៀត។

លោក លី ឡា បានបន្តថា កម្មករដែលកាយលៀស ហើយបានផ្តល់ព័ត៌មានទៅអ្នកកាសែតថាកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងនោះ ជាការយល់ច្រឡំទេ ព្រោះនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពុំដែលមានការកាយលៀសប្រើដោយកម្លាំងម៉ាស៊ីននោះឡើយ គឺមានតែប្រជាពលរដ្ឋ រកលៀសដែលកាយប្រើដោយដៃធម្មតាបន្តិចបន្តួចតែប៉ុណ្ណោះ ហើយលោកបានដាក់គោលការណ៍ ដល់មន្ត្រីក្រោមឱវាទ ធ្វើយ៉ាងណាកុំឲ្យកើតមានបទល្មើសការកាយលៀស ដែលប្រើដោយកម្លាំងម៉ាស៊ីននេះ នៅក្នុងដែនដីខេត្តកំពង់ឆ្នាំងជាដាច់ខាត។

នៅក្នុងការចុះធ្វើកិច្ចសន្យា ជាមួយអ្នករកស៊ីកាយលៀសប្រើដោយកម្លាំងម៉ាស៊ីនទ្រង់ទ្រាយធំនៅជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឃាត់បានទូកកាយលៀសធំៗចំនួន ៦គ្រឿង មកធ្វើការអប់រំ ណែនាំ និងហាមដាច់ខាតមិនឲ្យដឹកលៀសចូលមកលើកឡើងដាក់ឡាននៅក្នុងដែនដីរបស់ខេត្តកំពង់ឆ្នាំងបន្តទៀត បើពុំអនុវត្តតាមនោះទេ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។

ដោយឡែក អ្នកកាយលៀសចំនួន ២នាក់បានបញ្ជាក់ថា សព្វថ្ងៃពួកគេនាំគ្នាកាយយកលៀសដោយប្រើថ្នងដែកមុខកាត់ ១ម៉ែត្រកន្លះ អូសទាញដោយកម្លាំងម៉ាស៊ីន នៅចំណុចផ្សោត ចំណុចព្រែកទាល់ និងចំណុចខ្វែងក្របី ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយចំនួនតូចកាយក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់៕