(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនបុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្មោះ FRANK UBALE អាយុ៥០ឆ្នាំ និងគ្រឿងញៀនជាច្រើនប្រភេទមានថ្នាំក្រវីគ្រាប់, ក្រាមពណ៌ស, ម្សៅពណ៌ស សរុប៣គីឡូក្រាម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់ ពាក់ពន្ធ័បទល្មើសរក្សាទុកគ្រឿងញៀនខុសច្បាប់ជាច្រើនគីឡូក្រាម។
ជនសង្ស័យឈ្មោះ FRANK UBALE ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០៦៖៥០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញ តែងអនុវត្តជាប្រចាំលើការងារ បង្កា បង្ក្រាប និងសង្គ្រោះ ដោយឈរលើទិសស្លោកណែនាំរបស់ នាយឧត្តមសេនីយ៍ គឺ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះរាស្ត្រប្រជា ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់»។
ជាក់ស្តែងចំពោះបេសកកម្ម បង្ក្រាបគ្រឿងញៀន ដែលជួញដូរដោយជនជាតិនីហ្សេរីយ៉ាខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី សហការជាមួយកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព ធ្វើការយកចិត្តដាក់ ស្រាវជ្រាវអស់ជាង៣ខែ រហូតឈានដល់ធ្វើការបង្ក្រាបបានសម្រេច។
ក្រោយពេលឃាត់ខ្លួនបានយកមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន ទុកសម្រាប់ជួញដូរ ចែកចាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេក៏មានបក្ខពួកជាជនជាតិនីហ្សេរីយ៉ា ០២នាក់ ផ្សេងទៀត ដែលរកស៊ីជួញដូរគ្រឿងញៀន ជាមួយគ្នាបានរត់គេចខ្លួន កំពុងត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត៕