(ភ្នំពេញ)៖ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ឬ (TCMC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចឌី (ម៉ាឡេស៊ី) និងជាក្រុមហ៊ុនទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខស្របច្បាប់លើរថយន្តម៉ាកនីសាន់ តែមួយគត់ នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការ សាលតាំងបង្ហាញរថយន្តថ្មីម៉ាក នីសាន់ របស់ខ្លួននាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
បើតាមលោកឧកញ៉ា Than Tal Hing ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ប្រចាំប្រទេសកម្ពុជា និងឡាវ បានថ្លែងថា ទស្សនៈ និងឆន្ទៈរបស់ក្រុមហ៊ុននីសាន់ គឺពឹងផ្អែកទៅលើយុទ្ធសាស្ត្រផលិតរថយន្តដែលមានការរចនា និងច្នៃប្រឌិតថ្មី ហើយបានអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផលិតរថយន្តស៊េរីថ្មីទំនើប ដែលមានគុណភាពខ្ពស់ ស្របតាមបច្ចេកវិទ្យាចុងក្រោយយបង្អស់ ដើម្បីផ្គត់ផ្គង់ ដល់អតិថិជនដែលនិយមប្រើប្រាស់ រថយន្តស៊េរីថ្មី បានទាន់តម្រូវការ គឺដើម្បីឱ្យអតិថិជនរបស់យើងទាំងអស់ទទួលបាននូវអារម្មណ៍រីករាយ ជាសុខភាព និងសុវត្ថិភាពក្នុងការបើកបរមិនតែប៉ុណ្ណោះ ក្រុមហ៊ុនយើងបានផ្តល់នូវបទពិសោធន៍ និងសេវាកម្មដ៏មានទំនុកចិត្តដល់អតិថិជនតាំងពីនាទីដំបូង។
លោកឧកញ៉ា Than Tal Hing បានបន្តថា ដោយសំលឹងឃើញពីការកើនឡើង នៃអ្នកប្រើប្រាស់រថយន្តម៉ាកនីសាន់ និងដើម្បីឆ្លើយតប ទៅនឹងតម្រូវការ របស់អតិថិជនឱ្យបានទាន់ពេលវេលាក្រុមហ៊ុនតាន់ចុងម៉ូធ័រ បាននឹងកំពុងបន្តពង្រីក និងពង្រឹងនូវសេវាកម្មរបស់ខ្លួន ដើម្បីធានា ឱ្យបាននូវសេវាកម្ម ដែលមានគុណភាពខ្ពស់ មានភាពងាយស្រួល និងមានភាពជឿជាក់ ដល់អតិថិជន។ លើសពីនេះទៅទៀតរថយន្តម៉ាកនីសាន់ គឺជាប្រភេទរថយន្តដែលត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់ និងចំណាយសាំងតិចពីសំណាក់អ្នកប្រើប្រាស់គ្រប់ទិសទីទូទាំងសកលលោក។
លោកស្រី Ayako Nakamura អគ្គនាយករងផ្នែកទីផ្សារឯករាជ្យ ប្រចាំអាស៊ី និងអូសេអានី បានលើកឡើងថា «តម្រូវការរបស់អតិថិជន គឺជាកត្តាចំបង និងចាំបាច់បំផុត ដែលយើងខ្ញុំត្រូវយកចិត្តទុកដាក់ និងបំពេញឱ្យបាន ខណៈពេលដែលយើងខ្ញុំផ្តោតសំខាន់ ទៅលើការបំពេញ និងផ្តល់សេវាកម្ម ដែលល្អឥតខ្ចោះលំដាប់ពានរង្វាន់ នៅក្នុងវិស័យឧស្សាហកម្មដែលឈានមុនគេ វាក៏ជាកត្តាសំខាន់ផងដែល ដែលយើងខ្ញុំចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើត នូវបរិយាកាសដែលល្អប្រសើរទុកជាបទពិសោធន៍»។
លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការបើកសម្ពោធជាផ្លូវការ នូវសាលតាំងបង្ហាញរថយន្តម៉ាក នីសាន់ថ្មីនេះ គឺជាមានមោទកភាព និងរីករាយក្រៃលែងចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន នីសាន់ និងក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ខេមបូឌា ដែលបានសហការគ្នាយ៉ាងស្វិតស្វាញក្នុងការផលិត និងផ្គត់ផ្គង់រថយន្តទំនើបថ្មីតបនឹងតម្រូវការអតិថិជន ក្នុងប្រទេសកម្ពុជា លើសពីនេះផងដែរ។
លោកពិតជាស្ងប់ស្ងែង និងសូមកោតសរសើរ ចំពោះបច្ចេកវិទ្យាដ៏ថ្មី ដែលបានបង្កើតឡើងសម្រាប់បំពាក់លើរថយន្តនីសាន់ នាពេលបច្ចុប្បន្ន ហើយលោកជឿជាក់ថា «ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃ (Intelligent Mobility) ដែលបានបំពាក់លើរថយន្តនីសាន់នឹងជួយបង្កើនសុវត្ថិភាព ដល់អ្នកបើកបរព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ»។
លោក ពៅ ម៉ាលី បានបន្ថែមទៀតថា ការបើកសម្ពោធជាផ្លូវការសាលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុននីសាន់ថ្មីមួយនេះ ត្រូវបានរៀបចំឡើង ដោយយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ អមជាមួយនឹងវត្តមានអ្នកសារព័ត៌មានជាតិ និងទូរទូរទស្សន៍ក្នុងស្រុកជាច្រើន។ ភ្ញៀវដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តរបស់រថយន្តនីសាន់ទាំងអស់ បានសម្តែងការចាប់អារម្មណ៍ ជាខ្លាំងទៅលើការដាក់តាំងបង្ហាញ រថយន្តម៉ូដែលថ្មី ទំនើបទាំងអស់របស់នីសាន់ ជាពិសេសពួកគាត់បានទទួលបាននូវអារម្មណ៍រីករាយ និងបទពិសោធន៍ដ៏ថ្មីប្លែកអស្ចារ្យ ជាមួយនឹងរចនាបទរបស់ម៉ាកសំគាល់នីសាន់ ដែលមានពណ៌ក្រហមលេចធ្លោ និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
សាលតាំងបង្ហាញថ្មី របស់រថយន្តនីសាន់ ដែលចាប់បើកដំណើរការនេះនឹងបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការ ស្វែងរកតបទៅនឹងតម្រូវការ នៃកំណើនប្រជាជន ដែលបានកើនឡើងនៅរាជធានីភ្នំពេញ លើសពីនេះ អតិថិជននឹងទទួលបាននូវសេវាកម្មប្រឹក្សារថយន្ត ដែលនៅជិតលោកអ្នកបំផុត។ អតិថិជនអាចទទួលបាននូវបទសោធន៍ដ៏ល្អ និងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការអញ្ជើញចូលទស្សនារាល់ រថយន្តនីសាន់ម៉ូដែលថ្មី ដែលកំពុងដាក់តាំងបង្ហាញ ក្នុងសាលតាំងបង្ហាញរថយន្តដែលប្រកបដោយផាសុខភាព ទំនើបស៊ីវិល័យ និងបានជួបជាមួយបុគ្គលិកផ្តល់ប្រឹក្សារថយន្ត ដែលមានភាពរោះរាយរាក់ទាក់ ដើម្បីទទួលបាននូវ ការបើករថយន្តនីសាន់សាកល្បង មិនតែប៉ុណ្ណោះ អតិថិជនអាចទទួលបាននូវអារម្មណ៍រីករាយ ស្រស់ថ្លាជាមួយក្រុមគ្រួសារ ក្នុងសាលតាំងបង្ហាញរថយន្តដែលបំពាក់ដោយ WI-FI កន្លែងអង្គុយលេង កន្លែងក្មេងលេង និងចូលរួមទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីម៉ូដែល របស់រថយន្តនីសាន់ទាំងអស់ នៅកម្ពុជាសូមចូលទៅកាន់វេបសាយរបស់រថយន្ត នីសាន់កម្ពុជា តាមរយៈ www.nissan.com.kh ឬតាមដាននៅលើទំព័រ Facebook របស់រថយន្ត នសាន់កម្ពុជា តាមរយៈ https://www.facebook.com/CambodiaNissan ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ៣៣៨៕