(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅ Big Bad Wolf Books ជាភាសាអង់គ្លេសចំនួន១លានក្បាល នឹងដាក់តាំងលក់នៅផ្សាររុងរឿង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០៩-២០ខែមករា ឆ្នាំ២០២០ខាងមុខនេះ ក្នុងគោលបំណចង់កសាងវប្បធម៌នៃការបង្កើតទម្លាប់អានសៀវភៅ ជាភាសាអង់គ្លេសនៅកម្ពុជា ជាមួយការបញ្ចុះតម្លៃចាប់ពី៥០% រហូតដល់៩០%។
ចំពោះការដាក់តាំងលក់នូវសៀវភៅចំនួន១លានក្បាលនេះ ក្នុងនោះរួមមានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឲ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍន៍ខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និងរចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។
ដោយឡែកសាធារណៈជនអាចចូលរួមដោយសេរី ក្នុងរយៈពេល ១២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង០៩ព្រឹក ដល់ម៉ោង១២អធ្រាត្រនៅផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកស្រី Jacqueline Ng ដែលជាសហស្ថាបនិក Big Bad Wolf បានថ្លែងបញ្ជាក់ថា «សៀវភៅពិតជាមានឥទ្ធិពលជំរុញទឹកចិត្ដ និងផ្តល់អំណាចដល់មនុស្សជាមួយនឹងចំណេះដឹង ហើយយើងកំពុងផ្តល់ឲ្យពួកគេនូវរបស់ទាំងអស់នេះ តាមរយៈពិព័រណ៍សៀវភៅ Big Bad Wolf ឆ្នាំ២០១៩។ ពិព័រណ៍សៀវភៅដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសចំនួន១០ និងទីក្រុងចំនួន៣២ ហើយក្នុងនាមជាអង្គការតស៊ូមតិ លើផ្នែកលើកកម្ពស់ការអាន យើងមានមោទនភាពក្រៃលែង ក្នុងការរៀបចំពិព័រណ៍សៀវភៅនេះ រួមជាមួយសៀវភៅ១លានក្បាលនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងផងដែរ»។
លោកស្រីបានបញ្ជាក់ទៀតថា ការចាប់ផ្តើម Big Bad Wolf ដំបូង គឺនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០០៩ ដោយផ្តោតលើការយកចិត្តទុកដាក់ ក្នុងការបង្កើតទម្លាប់អានដោយផ្តល់ឲ្យអ្នកអាន នូវសៀវភៅអង់គ្លេសដែលមានតំលៃសមរម្យ និងមានគុណភាព។
លោកស្រីបន្តថា លើសពីការដាក់តាំងពិព័រណ៍សៀវភៅ សម្រាប់មនុស្សពេញវ័យនេះ ក៏នឹងមានសៀវភៅវេទមន្ដ ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប សម្រាប់ទាក់ទាញកុមារចាប់ពីអាយុ១ឆ្នាំ ដល់៥ឆ្នាំឲ្យចូលចិត្ដអានសៀវភៅ និងលើកទឹកចិត្តឲ្យចាប់ផ្តើមទម្លាប់នៃការអានផងដែរ។
លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យរបស់ Big Bad Wolf Sale បានថ្លែងថា លោករីករាយ ក្នុងការរៀបចំពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ទ្រង់ទ្រាយធំបំផុតមកប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ទទួលបាននូវបទពិសោធន៏ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និងថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ មួយវិញទៀតវាសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និងបង្រៀនឲ្យមនុស្សមានទម្លាប់អានតាំងពីក្មេង ទើបធ្វើឲ្យ ក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹងច្រើន។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍សៀវភៅនេះ ត្រូវបានបង្កើតឡើងដោយស្ថាបនិក ២រូប គឺលោក Andrew Yap និងលោកស្រី Jacqueline Ng ហើយបានក្លាយទៅជាព្រឹត្តិការណ៏ដ៏សំខាន់នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ២០០៩មក។
ពិព័រណ៍សៀវភៅបានរៀបចំធ្វើឡើងនៅក្នុងប្រទេសចំនួន១០ និងទីក្រុងចំនួន៣២ ក្នុងនោះរួមមាន ប្រទេសម៉ាឡេស៊ី, ប្រទេសថៃ, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសស្រីលង្កា, ប្រទេសភីលីពីន, កោះតៃវ៉ាន់, ប្រទេសកូរ៉េខាងត្បូង, ប្រទេសប៉ាគីស្ថាន, ប្រទេសមីយ៉ាន់ម៉ា, និងសហព័ន្ធអារ៉ាប់រួម ហើយពិព័រណ៍សៀវភៅនេះ នឹងបន្តបេសកម្មរបស់ខ្លួន ដើម្បីជួយដល់អ្នកអានគ្រប់រូបលើពិភពលោកឲ្យទទួលបានសៀវភៅអានល្អៗក្នុងមួយតម្លៃសមរម្យផងដែរ៕