(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោ នារសៀលថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ប័ណ្ណសរសើរ ជូនមន្រ្ដីនគរ បាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ។
នៅក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់អធិការ អធិការរង និងមន្ត្រីនគរបាល ដែលត្រូវទទួលការតែងតាំងភារកិច្ច បំពាក់ឋានន្ដរស័ក្កិ និងទទួលប័ណ្ណសរសើរ លិខិតសរសើរសរុប ១១៧នាក់។ ជាមួយគ្នានោះ បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន ៤នាក់, បំពាក់ឋានន្តរស័ក្តិចំនួន ៩៣នាក់ និងផ្តល់ប័ណ្ឌសរសើរចំនួន ៩នាក់។
ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារកន្លងបានល្អ ដូចជា ករណីបង្ក្រាបនឹងទប់ស្កាត់បទល្មើសផ្សេងៗ នឹងល្បាតការពារសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់កងកម្លាំងត្រូវតែបន្តអនុវត្តន៍តាមបញ្ជាថ្នាក់លើឲ្យបានល្អ ជាពិសេសត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យបានខ្លាំង នឹងបម្រើប្រជាពលរដ្ឋឲ្យបានល្អ៕