(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ខ្ញុំសូមតំណាងសមាគមអាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ាកាវនៅកម្ពុជា សូមសម្តែងគារវកិច្ចដោយស្មោះដល់ម៉ាកាវ ដ៏ស្រស់ស្អាតមួយនេះ សូមជូនពរម៉ាកាវមានភាពរឹតតែអស្ចារ្យ និងសូមជូនពរប្រទេសចិនមានភាពរីកចម្រើន និងវិបុលភាព។
ការប្រគល់ម៉ាកាវមកប្រទេសចិន គឺជាមហាសមិទ្ធផលដ៏អស្ចារ្យគ្រប់ជំនាន់ ក្នុងប្រវត្តិសាស្រ្តនៃជនជាតិចិន ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩មក ម៉ាកាវបានដើរលើវិថីមាគ៌ាដ៏ទូលាយមួយ នៃការអភិវឌ្ឍរួមជាមួយនឹងប្រទេសចិន។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ”, ប្រព័ន្ធនយោបាយ “ម៉ាកាវគ្រប់គ្រងដោយជនជាតិចិនម៉ាកាវ” និងព្រមទាំងស្វ័យគ្រប់គ្រងកម្រិតខ្ពស់ សុទ្ធតែទទួលបានការអនុវត្ត យ៉ាងគ្រប់ជ្រុងជ្រោយក្នុងម៉ាកាវ។
ស្ថិតនៅក្រោមការគាំទ្រពេញទំហឹងនៃរដ្ឋាភិបាលមជ្ឈិមបក្ស និងការខិតខំពីរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងគ្រប់ជាន់ថ្នាក់នៃសង្គម បានធ្វើឲ្យម៉ាកាវទទួលបានសមិទ្ធផល នៃការអភិវឌ្ឍបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់, ស្ថិរភាពក្នុងសង្គម, វិបុលភាពនៃសេដ្ឋកិច្ច, ការរស់នៅប្រកបដោយសុខដុមរមនា និងវប្បធម៌ចម្រុះសុទ្ធសឹងតែទទួលបានការអភិវឌ្ឍ បានយ៉ាងល្អប្រសើរ ដែលបានក្លាយទៅជាគំរូដ៏ជោគជ័យ នៃការអនុវត្តគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ”។
ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ម៉ាកាវ និងប្រទេសចិនបានភ្ជាប់គ្នាយ៉ាងស្អិតរមួត ស្ថិតនៅក្រោមការគាំទ្រពេញទំហឹងនៃរដ្ឋាភិបាលមជ្ឈិមបក្ស ធ្វើឲ្យជីវភាពរបស់ប្រជាជន, សេដ្ឋកិច្ច និងវិស័យផ្សេងទៀតទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ GDP នៃម៉ាកាវមានការកើនឡើងជិត ៧.៥ដង ដែលកើនពីជីវភាព ៥១,៨៧២ពាន់លានប៉ាតាកាម៉ាកាវ (៦,៤៩១ពាន់លានដុល្លារសហរដ្ឋអាមេរិក) ក្នុងឆ្នាំ១៩៩៩ មក ៤៤០,៣១៦ពាន់លានប៉ាតាកាម៉ាកាវ (៥៤,៥៤៣ពាន់លានដុល្លារសហរដ្ឋអាមេរិក) ក្នុងឆ្នាំ២០១៨។
រីឯ GDP សម្រាប់មនុស្សម្នាក់ជាមធ្យមបានកើនពី ១៥,២០០ដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៩ មក ៨២,៦០០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ ដែលតួលេខនេះបានធ្វើឲ្យម៉ាកាវជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងអាស៊ី និងលេខ ២ នៅលើពិភពលោក។ បានក្លាយជាតំបន់ “អ្នកមានបំផុត” ក្នុងចំណោមតំបន់ដទៃទៀតលើពិភពលោក។ ទន្ទឹមនឹងនេះ ក៏បានជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃសុខុមាលភាពសេដ្ឋកិច្ច ហើយសមិទ្ធផលនៃការអភិវឌ្ឍទាំងនេះ បានប្រើប្រាស់ក្នុងការបង្កើតអត្ថប្រយោជន៍ ជូនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានក្លាយជាគំនិតស្នូល នៃការអនុវត្តគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលជាលក្ខណៈពិសេសនៃម៉ាកាវ។
ចំពោះថ្ងៃអនាគត តាមរយៈការអនុវត្តយុទ្ធសាស្រ្តតំបន់ឆកសមុទ្រនៃក្វាងទុង ហុងកុង និងម៉ាកាវ។ យើងជឿជាក់ថា ម៉ាកាវដែលប្រៀបដូចផ្កាឈូកដ៏ស្រស់ស្អាតមួយនៃប្រទេសចិន នឹងរីកស្គុះស្គាយនូវភាពស្រស់បំព្រង និងរឹតតែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ រូបភាពនៃសម័យកាលដ៏អស្ចារ្យដែលបានបង្ហាញពីមនោសញ្ចេតនានៃម៉ាកាវ ក៏នឹងត្រូវបានឆ្លាក់លើផ្ទាំងសិលានៃភាពរស់រវើកឡើងវិញដ៏មហិមានៃជនជាតិចិន៕