(ភ្នំពេញ)៖ ពិព័រណ៍រូបភាពអបអរសាទរខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ បានមកបង្ហាញជូនមិត្តភក្តិទាំងអស់ ដែលមានវត្តមាននៅទីនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមតំណាងឲ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណដល់មិត្តកម្ពុជាទាំងឡាយ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ប្រទេសចិន ក៏សូមអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ។
នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ រដ្ឋាភិបាលចិនបានចាប់ផ្តើមអនុវត្តអធិបតេយ្យភាព សាជាថ្មីក្នុងទឹកដីម៉ាកាវ តំបន់រដ្ឋបាលពិសេសម៉ាកាវ ត្រូវបានបង្កើតឡើងជាស្ថាពរ ហើយក៏បានឈានចូលដល់យុគសម័យថ្មីជាប្រវត្តិសាស្រ្ត របស់ស្វ័យគ្រប់គ្រងកម្រិតខ្ពស់នៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និងគោលនយោបាយ «ម៉ាកាវគ្រប់គ្រងដោយចិនម៉ាកាវ»។
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និងច្បាប់មូលដ្ឋានគ្រឹះទទួលបានការអនុវត្តយ៉ាងគ្រប់ជ្រុងជ្រោយ កំណើនសេដ្ឋកិច្ចមានសម្ទុះកើនឡើង សង្គមមានស្ថិរភាពនិងវិបុលភាព និងមានភាពរីកចម្រើនខ្លាំង លើគ្រប់វិស័យគួរឲ្យកត់សម្គាល់ នេះបានបង្ហាញពីភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលជាលក្ខណៈពិសេសនៃម៉ាកាវទៅកាន់ពិភពលោក។
ចក្ខុវិស័យនាថ្ងៃអនាគត តាមរយៈការបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិស៊ីជម្រៅ ម៉ាកាវនាថ្ងៃអនាគតនឹងរឹតតែត្រចះត្រចង់ និងលេចធ្លោ ហើយ «ផ្កាឈូកដ៏ស្រស់ផូរផង់» របស់ប្រទេសចិន នឹងសាយក្លិនពិដោរដ៏ឈ្ងុយឈ្ងប់គ្រប់ទិសទី និងលាស់ស្លឹកខៀវខ្ចីបែកមែកសាខា។
ឆ្លៀតក្នុងឱកាសនៃខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ស្ថានទូតចិនប្រចាំកម្ពុជាបានសហការជាមួយ ប្រព័ន្ធផ្សព្វផ្យាយសារព័ត៌មានសំខាន់ៗ ក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាប្រារព្ធពិព័រណ៍រូបភាពនេះឡើង ក្នុងគោលបំណងបង្ហាញពីសមិទ្ធផលដ៏ច្រើនអនេក ដែលទទួលបានក្នុងជីវភាពរស់នៅ សេដ្ឋកិច្ច សង្គម និងកិច្ចទំនាក់ទំនងជាមួយក្រៅតំបន់ជាដើម របស់តំបន់រដ្ឋបាលពិសេសម៉ាកាវ ដែលក្រោយពីបានប្រគល់មកប្រទេសចិនវិញ ជូនដល់មិត្តអ្នកអានក្នុងប្រទេសកម្ពុជាឲ្យបានជ្រាប ហើយក៏ជាយានមួយជួយដល់អ្នកទាំងអស់គ្នា ក្នុងការស្វែងយល់អំពីម៉ាកាវ និងប្រទេសចិនថែមមួយកម្រិតទៀត ក៏សូមស្វាគមន៍ដល់អ្នកទាំងអស់គ្នា អញ្ជើញមកកម្សាន្តទេសចរណ៍ ក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវ ដើម្បីយល់ដឹងអំពីការអនុវត្តប្រកបដោយភាពជោគជ័យ នៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ក្នុងម៉ាកាវ ស្វែងយល់កាន់តែច្បាស់អំពីភាពទាក់ទាញនៃ «ដែនដីផ្កាឈូកដ៏អស្ចារ្យ» មួយនេះ។
សូមជូនពរតំបន់រដ្ឋបាលពិសេសម៉ាកាវរឹតតែត្រចះត្រចង់នាថ្ងៃអនាគត! សូមជូនពរមិត្តភាពរវាងចិន និងកម្ពុជា ដែលប្រៀបដូចបងប្អូន ឋិតថេរអមតៈយូរអង្វែង!