(កំពត)៖ ដោយមើលឃើញពីការខិតខំរបស់ប្រជាសហគមន៍ និងភាពខ្វះខាតក្នុងសហគមន៍ទេសចរណ៍ត្រពាំងសង្កែ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រួមជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត បានឯកភាពគ្នាកសាងផ្លូវមួយខ្សែប្រវែងប្រមាណ ៤០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣៣ (កំពត-កែប) ចូលទៅកាន់សហគមន៍នេះ ក្នុងគម្រោងថវិកាប្រមាណ ៧ម៉ឺនដុល្លារ នាពេលឆាប់ៗខាងមុខនេះ។
ការសន្យារបស់ថ្នាក់ដឹកនាំទាំងទ្វេ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ត្រពាំងសង្កែ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការសហគមន៍ផ្ទាល់ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។
ប្រជាសហគមន៍មានការត្រេកអរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តយ៉ាងដូច្នេះ និងបានប្ដេជ្ញាខិតខំថែរក្សា និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះឱ្យកាន់តែមានភាពទាក់ទាញបន្ថែម និងមាននិរន្តរភាព។
លោក ស៊ឹម ហៀម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានលើកឡើងថា នៅក្នុងសហគមន៍មានបម្រើសេវាកម្មទេសចរណ៍មួយចំនួន ដូចជា ជិះទូកកាណូតទស្សនាព្រៃកោងកាងតាមព្រែកត្រពាំងសង្កែ មានបម្រើសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពិសេសគឺមានកូនកោងកាងសម្រាប់លក់ឱ្យភ្ញៀវទិញយកទៅដាំទុកជាអនុស្សាវរីយ៍ផងដែរ។ ទេសភាពព្រៃកោងកាងនៅទីនោះ ពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែន ដែលភ្ញៀវទេសចរពិតជាមិនខកចិត្តឡើយក្នុងការទៅទស្សនា។
លោកប្រធានសហគមន៍បានបន្តថា ក្រៅពីចូលរួមក្នុងសកម្មភាពទេសចរណ៍ សហគមន៍ទេសចរណ៍នេះក៏ជាជម្រកព្រៃកោងកាងចុងក្រោយ និងសំខាន់បំផុតក្នុងខេត្តកំពតផងដែរ ដែលនាពេលបច្ចុប្បន្ន សហគមន៍បាននិងកំពុងខិតខំអភិរក្ស និងដាំកូនកោងកាងឡើងវិញនៅលើទឹកដីរបស់សហគមន៍។
លោក ស៊ឹម ហៀម បានបញ្ជាក់ថា ព្រៃកោងកាង គឺជាគម្របកាបូនដ៏សំខាន់មិនចាញ់ព្រៃឈើក្នុងតំបន់ធំៗនៅកន្លែងដទៃឡើយ ប៉ុន្តែប្រជាជនភាគច្រើនមិនបានយល់ពីសារប្រយោជន៍របស់វា ដោយលោកអះអាងថា ដល់ថ្នាក់មានស្ថាប័នបរិស្ថានអន្តរជាតិមួយចំនួនក៏បានមកដល់ទីនេះ និងមានការទទូចសុំឱ្យបង្កើនផ្ទៃដីដាំដុះព្រៃកោងកាងនេះឱ្យបានកាន់តែធំ ព្រោះវាផ្ដល់អត្ថប្រយោជន៍យយ៉ាងច្រើនដល់បរិស្ថាន។
ចំណុចនេះក៏ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន លើកទឹកចិត្តយ៉ាងផុសផុលផងដែរ ដោយជំរុញឱ្យប្រជាសហគមន៍បង្កើនការដាំដុះកូនកោងកាងនេះឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែករក្សាស្ថិរភាពបរិស្ថាន ស្ថិរភាពគម្របកាបូន អភិរក្សព្រៃកម្ររបស់ជាតិ បង្កើនមច្ឆាជាតិក្នុងសមុទ្រ បង្កើនផលនេសាទ ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន និងឱ្យពួកគេបានមើលឃើញអំពីព្រៃកោងកាងកម្ពុជាផ្ទាល់តែម្ដង៕