(ពោធិ៍សាត់)៖ នាវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយបុរសម្នាក់ មានតួនាទីជាមន្ត្រីនគរបាលវរៈការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រើកាំបិតភ្កាក់កាប់សម្លាប់ មកលើស្ត្រីជាប្រពន្ធ រហូតដល់ដេកស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនដោយសុវត្ថិភាព។
ករណីនេះបានកើតឡើង នៅផ្ទះក្រោយទីបញ្ជាការវរៈការពារព្រំដែនគោកលេខ៨២៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ឆន ជីវ័ន្ត អាយុ២០ឆ្នាំ ចំណែកជនសង្ស័យ ឈ្មោះ អ៉ឹម ផល្លី (ហៅតឿ) បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។
សូមបញ្ជាក់ដែរថា ក្រោយធ្វើសកម្មភាពសម្លាប់ ទៅលើស្ត្រីរងគ្រោះជាប្រពន្ធរួចមក ជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលបាននឹងកំពុងធ្វើកោសលវិច្ច័យ និងឡោមព័ទ្ធជុំវិញតំបន់នោះ ដើម្បីតាមចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕