(ហូជីមិញ) ក្នុងឱកាសដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីកម្ពុជានៅទីតាំងប្រវត្តិសាស្ត្រខេត្តដុងណាយ ប្រទេសវៀតណាម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទ និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។
កិច្ចសំណេះសំណាលដែលបានធ្វើឡើងនៅបញ្ជាការយោធភូមិភាគ នារសៀលថ្ងៃទី១៩ ខែធ្នូនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam បានគូសបញ្ជាក់ពីស្ថានភាពភូមិសាស្ត្រ និងភារកិច្ចរបស់ភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ព្រមទាំងការខិតខំកសាងអភិវឌ្ឍន៍ប្រទេសរបស់បក្ស រដ្ឋាភិបាលវៀតណាមនាពេលបច្ចុប្បន្ន ។ ជាមួយនោះលោកមេបញ្ជាការរងនៃយោធភូមិភាគទី៧ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ ដែលបានសហការល្អក្នុងការរុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា។
ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយនៅតំបន់ព្រំដែននាពេលថ្មីៗនេះ រវាងកងទ័ពប្រទេសទាំងពីរ ហើយទទួលលទ្ធផលប្រកបដោយផ្លែផ្កា ។ នាយឧត្ដមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលបានយកចិត្តទុកដាក់ថែរក្សាទីតាំងកេរ្តិ៍តំណែលប្រវត្តិសាស្រ្តនៃវិមានអនុស្សាវរីយ៍បូជនីយដ្ឋានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា បង្កលក្ខណៈឲ្យកម្ពុជាបានទៅគោរពវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំដល់យុទ្ធមិត្តដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ ចំពោះការជួយឧបត្ថម្ភគ្រប់បែបយ៉ាងរបស់កងទ័ពប្រជាជនវៀតណាមដល់កងយោធពលខេមរភូមិន្ទ មានដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្ដូរទស្សនកិច្ច ក៏ដូចជាការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា។
នៅចុងបញ្ចប់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសម្តែងការអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម និងសូមជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលឈានមកដល់នាថ្ងៃខាងមុខ សូមមានសំណាងល្អ សុខភាពល្អ សិរីសួស្តី និងសម្រេចបានជោគជ័យភារកិច្ចថ្មីៗបន្ថែមទៀត៕