(ព្រះវិហារ)៖ នៅក្នុងទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលបានប្រារព្ធធ្វើនៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៩នេះ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តបំរើការងារ នៃសាខាកាកបាទក្រហមខេត្តព្រះវិហារទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការនេះ ដើម្បីបម្រើជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។
អភិបាលខេត្តបានថ្លែងថា ភាពកក់ក្តៅពីវត្តមានសម្រាប់តំណាង អ្នកស្ម័គ្រចិត្តទាំង៨ ក្រុងស្រុក ដែលមានវត្តមាននេះបានចែករំលែក បង្ហាញនូវសក្ខីកម្ម នៃការខិតខំប្រឹងប្រែង ដើម្បីកិត្តិនាម និងកិត្តិសព្ទ័របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា ក៏ដូចជា បានចូលរួមចំណែកកាត់បន្ថយទុក្ខលំបាកវេទនា ភាពក្រីក្ររបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលទន្ទឹងរង់ចាំឲ្យជួយជារៀងរាល់ថ្ងៃ។
លោក ប្រាក់ សុណ្ណ បានឲ្យដឹងទៀតថា រយៈពេល១ឆ្នាំ កន្លងមកនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានខិតខំយកចិត្តទុកដាក់អនុវត្តលើវិស័យស្នូលទាំង ៤របស់កាក បាទក្រហមកម្ពុជារួមទាំងការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរមកលើលំនៅដ្ឋាន និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាស្រុកមួយចំនួន។
ប៉ុន្តែដោយការរួបរួមគ្នា យើងបានប្រមូលកម្លាំងមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ជាក់ស្តែងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដល់គ្រឿងសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ គ្រួសារចាស់ជរា ជនពិការជួបការលំបាក ស្រ្តីមេម៉ាយកូនច្រើន គ្រួសារជនពិការ អ្នកជំងឺអេដស៍ គ្រួសារកងទ័ព គ្រួសារជនពលី ចូលបុណ្យសព និងគ្រួសារមានជំងឺធ្ងន់ធ្ងរ។ ល ។
ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជាប្រកបដោយគតិបណ្ឌិត ដើម្បីលើកកម្ពស់ជីវភាពរស់នៅសុខុមាលភាព និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈតម្លៃមនុស្សធម៌ បានកាន់តែប្រសើរឡើងជាបន្តបន្ទាប់នេះផងដែរ៕