(ភ្នំពេញ)៖ ក្រុមហ៊ុន Century 21 Cambodia គ្រោងពង្រីកប្រតិបត្តិការរបស់ខ្លួន ឲ្យបានគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីដើមឆ្នាំ២០២០នេះតទៅ ដោយបើកការិយាល័យថ្មី៣៨បន្ថែម ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ សេវាអចលនទ្រព្យ នៅតាមបណ្តាខេត្ត។
ការិយាល័យថ្មីទាំង៣៨នេះ នឹងដំណើរការក្រោមឈ្មោះ Century 21 Zillion Holding ដែលជាក្រុមហ៊ុនថ្មីមួយ ក្នុងចំណោមក្រុមហ៊ុនទាំង២៣នៅកម្ពុជា ដែលបានទទួលសិទ្ធធ្វើអាជីវកម្ម លើម៉ាកយីហោក្រុមហ៊ុន Century 21 នៅកម្ពុជា។ ខុសប្លែកពីក្រុមហ៊ុនរួមគ្រួសារ Century 21 ផ្សេងទៀតបន្តិច ប្រតិបត្តិការរបស់ ក្រុមហ៊ុន Century 21 Zillion Holding នឹងផ្តោតសំខាន់តែលើទីផ្សារដីធ្លីប៉ុណ្ណោះរួមមាន៖ ការទិញ លក់ និងជួល។
លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា ក្នុងចំណោមការិយាល័យថ្មី ទាំង៣៨ មានការិយាល័យ១៤ នឹងដាក់ទីតាំងនៅខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ (ខណ្ឌមួយ ការិយាល័យថ្មីមួយ) ខណៈការិយាល័យ២៤ទៀត នឹងបើកនៅតាមខេត្តទាំង២៤នៅកម្ពុជា។
ស្របពេលការិយាល័យថ្មីនេះ គ្រោងចាប់ផ្តើមដំណើការនៅដើមឆ្នាំ ២០២០ ខាងមុខ លោកស្រី រចនីហ្វុង បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស្វែងរកទីតាំង ដែលមានសក្តានុពល ដើម្បីបើកដំណើរការការិយាល័យទាំង ៣៨ នេះ។
លោកស្រី បានបញ្ជាក់ថា «សម្រាប់បងប្អូន ម្ចាស់អចលនទ្រព្យដែលមានទីតាំងល្អៗ នៅតាមបណ្តាខេត្ត ខណ្ឌទាំងអស់ សូមទាក់ទងមកក្រុមកាងាររបស់ Century 21 Cambodia ដើម្បីឲ្យយើងបានដឹង និងពិនិត្យទីតាំងនោះ ដើម្បីជួលបើកការិយាល័យ ឲ្យចំទីកន្លែងសម្រាប់ភាពងាយស្រួលដល់អតិថិជន»។
លោកស្រីបន្ដថា «យើងនៅមានសក្តានុពលច្រើនណាស់ ក្នុងការពង្រីកការិយាល័យ Century 21 នៅប្រទេសកម្ពុជា ស្របពេលបណ្តាខេត្តជាច្រើន កំពុងមានកំណើនទិញលក់ដីធ្លី ទាំងសម្រាប់យកចំណេញ និងសម្រាប់អភិវឌ្ឍន៍គម្រោងផ្សេងៗ»។
លោកស្រី ហ្គ្រែស រចនីហ្វុង បានបញ្ជាក់ថា «យើងរំពឹងថា ការិយាល័យថ្មីរបស់យើងទាំង៣៨ នឹងជួយបំពេញចន្លោះ ដែលធ្លាប់ខ្វះខាតកន្លងមកហើយ នឹងរួមចំណែកជំរុញការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ ប្រកបដោយនិរន្តរភាព»។
ក្រុមហ៊ុន Century 21 Zillion Holding គឺជាក្រុមហ៊ុនដែលបង្កើតឡើង ដោយមានការសហការវិនិយោគដោយភាគទុនិកពីម្ចាស់ Franchise របស់សមាជិកគ្រួសារ Century 21 ដែលមានស្រាប់ ដោយសារភាគទុនិក បានស្គាល់ច្បាស់ពីសក្តានុពលនៃយីហោក្រុមហ៊ុន Century 21 និងជឿជាក់លើដំណើរការវិជ្ជមាន នៃវិស័យអចលនទ្រព្យកម្ពុជា។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Zillion Holding បានរៀបចំនីតិវិធីសំខាន់ៗ ដើម្បីអនុវត្តន៍គម្រោងនេះ ស្ទើររួចរាល់អស់ហើយ។ ក្រុមហ៊ុន បានចុះបញ្ជីស្របច្បាប់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីបណ្តាក្រសួងពាក់ព័ន្ធ ហើយទន្ទឹមនេះ ក្រុមហ៊ុនក៏មានធនធានមនុស្សគ្រប់គ្រាន់ ដោយបានជ្រើសរើសប្រធានសាខា ប្រចាំការិយាល័យនីមួយៗរួចជាស្រេច។
ធនធានមនុស្ស សម្រាប់ការិយាល័យថ្មីទាំង៣៨ ត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ហើយ ត្រូវបានក្រុមហ៊ុនផ្តល់វគ្គបណ្តុះបណ្តាល យ៉ាងត្រឹមត្រូវដោយមានគ្រូបណ្តុះបណ្តាល ជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ទាំងក្នុង និងក្រៅប្រទេស។
យោងតាមលោកស្រី ហ្គ្រែស រចនីហ្វុង វិស័យអចលនទ្រព្យកម្ពុជា បានទទួលលទ្ធផល គួរជាទីពេញចិត្តសម្រាប់ឆ្នាំ២០១៩ ដោយសារទីផ្សារសំណង់លំនៅដ្ឋាន ទីផ្សារអគារការិយាល័យ និងសំណង់សម្រាប់ វិស័យពាណិជ្ជកម្មផ្សេងៗបានបន្តលូតលាស់យ៉ាងរឹងមាំ។ កំណើនគម្រោងទាំងនេះ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារដីធ្លី ដែលបានធ្វើឲ្យតម្លៃ និងប្រតិបត្តិការទិញលក់មានការកើនឡើង។
លោកស្រី បានថ្លែងថា «តម្រូវការទិញលក់អចលនទ្រព្យ នឹងនៅតែល្អសម្រាប់ឆ្នាំ ២០២០ ខាងមុខ ហើយទីផ្សារដីធ្លីនៅតាមបណ្តាខេត្តទាំងអស់ ជាពិសេសខេត្តសំខាន់ៗដូចជា៖ កំពត កែប ព្រះសីហនុ កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តកោះកុងជាដើម នឹងមានសកម្មភាពទិញលក់ដីធ្លីកាន់តែរស់រវើក»។
លោកស្រី បានបន្ថែមថា «យើងឃើញមានវិនិយោគិនក្រៅប្រទេសដូចជាមកពី សិង្ហបុរី និង ជប៉ុន ជាដើមបន្ថែមលើវិនិយោគិន ដែលមានស្រាប់ដូចជាចិន ហើយពួកគេបានចាប់ផ្តើមមកអភិវឌ្ឍខុនដូ និងគម្រោងអចលនទ្រព្យ ផ្សេងទៀតនៅកម្ពុជា ដែលជាសញ្ញាល្អមែនទែន សម្រាប់ទីផ្សារអចលនទ្រព្យ នារយៈពេលយូរទៅមុខទៀត»។
ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនសេវាអចលនទ្រព្យ ដែលមានបណ្តាញជុំវិញពិភពលោក និងជាក្រុមហ៊ុនមេនៅកម្ពុជា ដែលទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 Real Estate ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia បានផ្តល់សិទ្ធបន្តដល់ក្រុមហ៊ុនអចលនទ្រព្យដែលប្រើយីហោ Century 21 ដល់ ២៣ ក្រុមហ៊ុន។
ក្រុមហ៊ុន Century 21 Real Estate ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ ហើយគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងមានប្រតិបត្តិការនៅ ៨១ ប្រទេស និងមានការិយាល័យសរុបជាង ៧,២៥០ កន្លែង។ កម្ពុជា ជាប្រទេសទី៧៥ ដែលក្រុមហ៊ុនលំដាប់អន្តរជាតិ របស់អាមេរិកមួយនេះ បានដាក់ប្រតិបត្តិការ៕