(តាកែវ)៖ បើទោះបីជាខេត្តតាកែវ មិនមែនជាទីកន្លែងប្រារព្ធពិធីបុណ្យសមុទ្រនៅឆ្នាំ២០១៩នេះក៏ដោយ ប៉ុន្តែលំហូរចរាចរណ៍ និងកត្តាសន្តិសុខសណ្តាប់ធ្នាប់ ក៏ត្រូវមានការចូលរួមចំណែកពីខាង អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅខេត្តតាកែវ ដើម្បីចូលរួមជាមួយខាងខេត្តកំពតផងដែរ។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រ លើកទី០៨ ជុំទី០២ ដែលប្រារព្ធធ្វើឡើងនៅក្រុងកំពត ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ធានាឲ្យបាននូវសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់បុណ្យសមុទ្រ នៅខេត្តកំពត ដើម្បីឲ្យការប្រារព្ធពិធីបុណ្យដ៏ធំមួយនេះ ដំណើរការប្រកបដោយភាពជោគជ័យ ពិសេសការពារសន្ដិសុខ សុវត្ថិភាព ឲ្យបានដាច់ខាតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខ្ពស់ជាតិ-អន្ដរជាតិ មន្ដ្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញចូលរួម។
លោកឧត្តមសេនីយ៍ទោ បានក្រើនរំលឹកឲ្យកម្លាំងត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយប្រើប្រាស់គ្រប់វិធានការ ជាសារវ័ន្ដ និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាការពារ សន្ដិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ។ កម្លាំងគ្រប់ថ្នាក់ ត្រូវធានាបរិមាណកម្លាំងគ្រប់គ្រាន់ក្នុងកិច្ចប្រតិបត្តិការ ដោយលើកកម្ពស់ស្មារតីទទួលខុសត្រូវ គោរព និងអនុវត្តតាមបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ក្នុងពេលបំពេញភារកិច្ច។ ជាមួយគ្នានោះ ត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវសមរម្យ និងមានអាកប្បកិរិយាប្រកបដោយសុជីវធម៌។
គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ជុំ ទី២ នៅខេត្តកំពត នឹងចាប់ដំណើរការប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងរយៈពេល ៣ថ្ងៃ ហើយយកថ្ងៃទី២១ បើកអង្គពិធីជាផ្លូវការក្រោមអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕