(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមអ្នកព័ត៌មានមកពីតាមស្ថាប័នព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែជាអ្នកតាមយកព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបជុំគ្នាទទួលអាហារសាមគ្គី នៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ការទទួលទានអាហារនេះ ជាការជុំជួបគ្នាលាឆ្នាំចាស់ឆ្នាំ២០១៩ និងស្វាគមន៍ឆ្នាំថ្មី។

ការទទួលទានអាហារសាមគ្គីក្នុងពេលរាត្រីដ៏សែនមនោរម្យនោះ មានការអញ្ជើញចូលរួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន។

ជាការកត់សម្គាល់អ្នកព័ត៌មាន ដែលមកពីស្ថាប័នព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា និងសុទ្ធសឹងជាអ្នកមានបទពិសោធន៍លើវិស័យនេះ ពេញមួយឆ្នាំៗ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត មិនថាយប់ មិនថាថ្ងៃ មិនថាក្រោមដំណក់ទឹកភ្លៀង ឬក្រោមកម្ដៅថ្ងៃនោះទេ តែងតែបានធ្វើសកម្មភាពយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីតាមប្រមាញ់ព័ត៌មានសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន មកផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋខ្មែរ។

ការស្រស់ស្រូបអាហារសាមគ្គីរបស់ក្រុមអ្នកតាមយកព័ត៌មានសម្តេចតេជោ ហ៊ុន សែន តែងតែធ្វើឡើងជារៀងរាល់ដំណាច់ឆ្នាំ ដើម្បីជាការរឹតចំណងមិត្តភាព និងផ្លាស់ប្ដូរបទពិសោធន៍ មតិយោបល់មួយចំនួនបន្ថែមទៀត ដើម្បីបម្រើលើវិស័យព័ត៌មាន ពិសេសការយកព័ត៌មានរបស់សម្ដេចតេជោ ហ៊ុន សែន យកមកផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ក្នុងឱកាសនោះ ក្រុមអ្នកសារព័ត៌មាន ក៏បានថ្លែងអំណរគុណដល់ចំពោះក្រុមការងាររបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែជួយសម្របសម្រួលផ្ដល់ព័ត៌មាន និងសម្របសម្រួលបញ្ហាផ្សេងៗបង្កភាពងាយស្រួលឲ្យអ្នកព័ត៌មានយកព័ត៌មានរបស់សម្តេចតេជោ មកផ្សព្វផ្សាយ។

ក្រុមអ្នកសារព័ត៌មានសង្ឃឹមថា នៅឆ្នាំថ្មី២០២០នេះ នឹងមានកិច្ចសហការបែបនេះបន្ដទៀត ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកព័ត៌មាន យកព័ត៌មានរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី មកផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ និងជ្រួតជ្រៀប បានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទៅកាន់សាធារណៈមតិ ពិសេសប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសចូលឆ្នាំថ្មីនេះ ក្រុមអ្នកសារព័ត៌មានតាមសម្ដេចនាយករដ្ឋមន្ដ្រី ក៏បានរួមគ្នាគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធ និងទេវតាថែរក្សាចក្រវាឡនេះ តាមបីបាច់ថែរក្សាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ កម្លាំងកាយមាំមួន ដើម្បីបន្ដដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន និងមានវឌ្ឍនភាពកាន់តែប្រសើរ និងល្បីរន្ទឺលើឆាកអន្ដរជាតិបន្ថែមទៀត៕