(ភ្នំពេញ)៖ សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការពិចារណាលើបណ្ដឹងឧទ្ធរណ៍ និងដីកាដំណោះស្រាយ ក្នុងសំណុំរឿង ០០៤/០២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូនេះ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា អង្គបុរេជំនុំជម្រះ មិនអាចទទួលបានសំឡេងគាំទ្រយ៉ាងតិច ៤ សំឡេងសម្រាប់ចេញសាលដីកា ផ្អែកលើសម្អាងហេតុរួមគ្នាលើអង្គសេចក្តី នៃបណ្តឹងឧទ្ធរណ៍ប្រឆាំង នឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិក្នុងសំណុំរឿង ០០៤/០២ ប្រឆាំងនឹងជនត្រូវចោទ អោ អាន បានឡើយ។ អនុលោកតាមវិធាន ៧៧(១៣) នៃវិធានផ្ទៃក្នុងសាលដីកានេះបិទផ្លូវតវ៉ា។
នៅក្នុងសាលដីកាដដែល អង្គបុរេជំនុំជម្រះ បានប្រកាសថា ការពន្យារពេលក្នុងការចេញដីកាដំណោះស្រាយ របស់សហចៅក្រមស៊ើបអង្កេត បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតទៅលើ អោ អាន គឺជាការមិនត្រឹមត្រូវ និងបានប្រកាសថា សហចៅក្រមស៊ើបអង្កេតមានកំហុស ក្នុងការវាយតម្លៃទៅលើតម្លៃជាភស្តុតាង និងភាពមិនអាចជឿជាក់ បាននៃភស្តុតាង។
ជាមួយគ្នានេះ អង្គបុរេជំនុំជម្រះ បានប្រកាសក្នុងសេចក្តីសម្រេចជាឯកច្ឆ័ន្ទរបស់ខ្លួនថា ការចេញដីកាដំណោះស្រាយពីរ ដែលផ្ទុយគ្នារបស់សហចៅក្រមស៊ើបអង្កេត គឺខុសច្បាប់ ហើយរំលោភបំពានទៅលើក្របខណ្ឌ គតិយុត្តិរបស់ អ.វ.ត.ក។
អង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ធរណ៍ ដាក់ដោយសហព្រះរាជអាជ្ញាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បណ្តឹងឧទ្ធរណ៍ដាក់ដោយសហមេធាវីតំណាង អោ អាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកា ដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) ដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៤/២ និងបណ្តឹងឧទ្ធរណ៍ ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់ ជនត្រូវចោទដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៤/២៕