(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបង ចង់រុះរើស្ពានថ្ម នៅមុខសាលាខេត្តបន្សល់ទុកតាំងពីសម័យ អណានិគមបារាំងមកនោះ ក៏មានឧកញ៉ាដ៏ល្បីឈ្មោះ ក្នុងវិស័យអចលនទ្រព្យម្នាក់ បានបង្ហាញគម្រោង ផែនការរបស់ខ្លួន ចង់ជួលស្ពាននោះពីរាជរដ្ឋាភិបាល ដើម្បីយកទៅវិនិយោគ និងកែច្នៃឲ្យក្លាយទៅជាផ្សាររាត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយលក់ផលិតផល «ភូមិមួយផលិតផលមួយ» ខ្មែរសុទ្ធសាទ។
ជាក់ស្ដែងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះមួយ បានបង្ហោះរូបភាពស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបង ចំនួន ២សន្លឹក ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង់ ខេត្តបាត់ដំបង រួមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំចង់ជួលស្ពាននោះ ពីរដ្ឋបាលខេត្តបាត់ដំបង វិនិយោគលើកស្ទួយវិសិយទេសចរណ៍»។
បន្ថែមពីនោះទៀត ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧកញ៉ា នួន រិទ្ធី បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ចង់ជួលវិនិយោគចំពោះស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបង ជាជាងការវាយកម្ទេចចោល ដោយសារតែលោកមើលឃើញថា ស្ពាននេះ អាចទាញផលប្រយោជន៍បានច្រើនណាស់។
ឧកញ៉ាដ៏ល្បីឈ្មោះ ក្នុងវិស័យអចលនទ្រព្យ រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជួលវិនិយោគ កុំឲ្យគេវៃចោល ព្រោះថា ស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបងនេះ ទាញផលប្រយោជន៍បានច្រើនណាស់ ដោយលោកវិនិយោគ ទី១៖ ដើម្បីបង្កើនចំណូល ជូនរដ្ឋបាលខេត្ត និងវិនិយោគទី២៖ កែច្នែកន្លែងនេះ ឲ្យក្លាយទៅជាផ្សាររាត្រី ដែលអាចជាកន្លែងប្រជាពលរដ្ឋថ្មើជើងដើរបាន»។
លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា ឲ្យតែរាជរដ្ឋាភិបាល ព្រមជួលឲ្យក្រុមហ៊ុនរបស់លោក លោកនឹងប្ដេជ្ញាធ្វើឲ្យស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបងនេះ ទៅជាកន្លែងមួយ ដែលអាចប្រជាពលរដ្ឋរស់នៅទីនោះ និងរដ្ឋបាលខេត្ត ទទួលបានចំណូលពីស្ពានមួយនេះ ហើយបង្កើតផ្សាររាត្រី «ភូមិមួយផលិតផលមួយ» ដែលក្នុងផ្សារនេះ លក់តែផលិតផលរបស់ខ្មែរសុទ្ធសាទ។
លោកឧកញ៉ា នួន រិទ្ធី បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោក នឹងប្រើប្រាស់អ្នកជំនាញ ឲ្យសិក្សាជួសជុល ចំពោះស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបងនេះ ឲ្យមានទាំងសោភ័ណភាព សុវត្ថិភាព និងគុណភាព លើសពីនោះទៀត ក្រុមការងាររបស់លោក និងប្រើប្រាស់ដែក ដើម្បីទប់លំនឹងស្ពានផងដែរ ដែលធ្វើដោយអ្នកជំនាញ។
សូមជម្រាបផងដែរថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឯកភាពឡើយចំពោះបំណង របស់រដ្ឋបាលសាលាខេត្តបាត់ដំបង ដែលចង់រុះរើស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបង បន្សល់ទុកតាំងពីសម័យអណានិគមបារាំងមកនោះ។
ជាមួយនឹងការមិនឯកភាព ចំពោះបំណងរបស់រដ្ឋបាលសាលាខេត្តបាត់ដំបងនេះ លោកស្រី ភឿង សកុណា បានធ្វើលិខិតមួយច្បាប់ ដាក់ទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកិច្ចអន្តរាគមន៍ ចុះពិនិត្យរកដំណោះស្រាយមួយ ក្នុងការរក្សាទុកស្ពានថ្មមួយនេះ។
ក្នុងលិខិតផ្ញើទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ភឿង សកុណា លើកឡើងថា ស្ពានថ្មចាស់បន្សល់ពីអណានិគមបារាំង ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបងនេះ ពុំគួររុះរើនោះឡើយ ដោយសារស្ពាននេះមានអយុកាលដ៏ចំណាស់ជាង ១០០ឆ្នាំមកហើយ។
មួយវិញទៀតស្ពាននេះ ជាសំណង់បេតិកភណ្ឌទីក្រុង នៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។
លោកស្រីរដ្ឋមន្ត្រី បានលើកឡើងទៀតថា ស្ពាននេះចាត់ទុកជាសមរតកដ៏កម្រមួយនេះ គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង។
សំណើសុំរក្សាទុកស្ពានថ្មមួយនេះ នាំឲ្យមានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋខ្មែរ ទាំងអ្នកនៅក្នុងខេត្តបាត់ដំបង ក៏ដូចជានៅបណ្តាខេត្តដទៃ។ ពួកគេចង់ឲ្យមានការរក្សាទុក នូវសំណង់ប្រវត្តិសាស្ត្រមួយនេះ៕