(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះនាពេលកន្លងមក ដើម្បីនាំយកសមិទ្ធផលថ្មីៗ លើវិស័យពាណិជ្ជកម្ម ជូនប្រជាជន និងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ ខាងមុខ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងឱកាសការងារ សំដៅជំរុញការអភិវឌ្ឍ និងបែងចែកកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌។
ការប្តេជ្ញារបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលការងារសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម CTIS កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២០។
លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងពង្រីកទីផ្សារថ្មីៗ ទៅកាន់បណ្តាប្រទេសមួយចំនួន នៅអឺរ៉ុបខាងកើត និងទីផ្សារដែលនៅមានសក្តានុពលនាំចេញ ដូចជាចិន ជប៉ុន និងកូរ៉េ តាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង ១៦ប្រទេស ដែលហៅកាត់ថា RCEP ដើម្បីឈានទៅចុះហត្ថលេខា ក្នុងឆ្នាំ២០២០ខាងមុខនេះ»។
បន្ថែមលើនោះទៀត លោករដ្ឋមន្ត្រី ក៏បានសំណូមពរអង្គពិធី ផ្តោតការពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន មានដូចជា៖
* ការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសាកល
* ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវដ្តន៍ឧស្សាហកម្មទី៤
* ការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ច
* ការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម
* ការពង្រឹងសហការជាមួយវិស័យឯកជន ដើម្បីធានាចីរភាពកំណើន និងការបន្តកែលម្អពាណិជ្ជកម្ម តាមព្រំដែនជាមួយប្រទេសជិតខាង សំដៅជំរុញការនាំចេញកសិផល ឲ្យបានអតិបរមា។
សូមជម្រាបថា តាមរយៈការចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគ្រប់គ្រងលើចំណូល-ចំណាយ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រួមជាមួយការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៩នេះ បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណជាង ១០៨ពាន់លានរៀល៕