(កំពង់ធំ)៖ ការជក់បារីមិនត្រឹមតែធ្វើឲ្យផលប៉ះពាល់ដល់អ្នកជក់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកដែលនៅជុំវិញខ្លួនរបស់យើងផងដែរ ព្រោះឥទ្ធិពលផ្សែងបារី គឺមានសារធាតុពុលជាច្រើន អាចបង្កឲ្យមនុស្សកើតជំងឺកាចសាហាវផ្សេងៗបាន។
លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងយ៉ាងដូច្នេះ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងឱកាសសិក្ខាសាលាស្ដីពី ភាពជាអ្នកដឹកនាំក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ គេបានរកឃើញសារធាតុប្រមាណ ៤០០០ប្រភេទ ដែលមាននៅក្នុងផ្សែងបារី ហើយសារធាតុមួយចំនួនជាសារធាតុពុល និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗ។
លោកថា ដោយសារការញៀនភាពឆ្ងាញ់ពិសារ និងការកាត់បន្ថយភាពតានតឹងអារម្មណ៍ ធ្វើឲ្យអ្នកជក់បារីភាគច្រើនពុំបានអើពើអំពីផលប៉ះពាល់របស់ផ្សែងបារីលើសុខភាព។ មិនថា អ្នកជក់បារីផ្ទាល់ ឬអ្នកដែលស្រូបយកផ្សែងបារីដោយប្រយោលនោះទេ សុទ្ធតែអាចទទួលផលប៉ះពាល់ពីផ្សែងបារីបានក្នុងកម្រិតណាមួយ។ ផលប៉ះពាល់ទៅលើសុខភាព កើនឡើងទៅតាមចំនួនបារីដែលជក់ប្រចាំថ្ងៃ និងទៅតាមពេលវេលាសរុបនៃការជក់បារី។
លោកបន្តថា ជំងឺដែលកើតឡើងដោយសារការជក់បារីគឺមានជំងឺផ្លូវដង្ហើមរាំរៃ ជំងឺមហារីកសួត ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺហឺតជាដើម។ ក្រៅពីផលប៉ះពាល់ទៅលើប្រព័ន្ធដង្ហើម ការជក់បារីក៏អាចធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រព័ន្ធសរសៃឈាមបេះដូង និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗទៀត។ ហេតុដូចនេះបងប្អូនគួរបោះបង់ការជក់បារី និងចៀសឲ្យឆ្ងាយពីផ្សែងបារី ដើម្បីសុខភាពខ្លួនផ្ទាល់ និងអ្នកនៅជុំវិញខ្លួន។
លើសពីនេះទៅទៀត បើបងប្អូនដែលជាអ្នកជក់បារីមានអាការៈដូចជា ក្អករ៉ាំរ៉ៃ ហត់ ឬថប់ពិបាកដកដង្ហើម សូមរួសរាន់រកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីធ្វើការរុករករោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលដែលមានប្រសិទ្ធភាព។
ជាចុងក្រោយ លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើថា «ការឈប់ជក់បារី អាចបន្ថយល្បឿន នៃការវិវឌ្ឍនៃការត្បៀតទងសួត ក៏ដូចជា ការធ្លាក់ចុះនៃតួនាទីប្រពន្ធ័ដង្ហើមបាន។ ដូច្នេះសូមបងប្អូនទាំងអស់ គ្នា ទាំងយុវជនទាំងមនុស្សចាស់ គួរឧស្សាហ៍ហាត់ប្រាណ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា»៕