(ក្រចេះ)៖ លោកបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣៥៦គ្រួសារ ស្មើនឹង ៤៣៤បណ្ណ នៅក្នុងភូមិស្ទឹងទ្រ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ដោយមានការចូលរួមពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះផងដែរ។
លោកបណ្ឌិត ឌុច វនទីតូ បានបញ្ជាក់ប្រាប់ពលរដ្ឋថា មានដីគឺមានសង្ឃឹម និងមានជីវិត ដូច្នេះសូមបងប្អូនត្រូវខិតខំដាំដុះបង្កបង្កើនអាស្រ័យផលលើដីរបស់ខ្លួន និងត្រូវចេះថែរក្សាសំអាតដី និងដាំដំណាំរួមផ្សំដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសមិនត្រូវលក់ទៅឲ្យអ្នកដទៃ ឬដាក់បញ្ចាំដីប្លង់ដីនៅធនាគារ ឬក្រុមហ៊ុនឯកជន ដើម្បីយកមកប្រប្រើប្រាស់ដែលហួសពីសមត្ថភាព នោះឡើយ ព្រោះអាចនឹងបាត់បង់នូវទ្រព្យសម្បត្តិរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការផ្តល់បណ្ណដីស្របច្បាប់នេះ គឺផ្តល់ជូនឲ្យបងប្អូនដែលក្រីក្រខ្វះខាត និងបានតែម្តងគត់ក្នុងម្នាក់ ដូចនេះត្រូវប្តេជ្ញាថែរក្សាដីដែលរាជរដ្ឋាភិបាលផ្តល់ជូនឲ្យបានគង់វង្សតកូនតចៅ។
អនុរដ្ឋលេខាធិការរូបនេះ បានបន្ថែមថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាល បានប្រគល់ជូនដល់បងប្អូនជាសម្បទានិកទាំងអស់ បន្ថែមពីលើសមិទ្ធផលនានាដែលបានប្រគល់ ជូនដល់សម្បទានិក ដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ទាក់ទងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួនរួមមាន៖ ផ្លូវ សាលារៀន អគារសហគមន៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន និងគិលានុបដ្ឋាយិកា បុស្តិ៍សុខភាព អណ្ដូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រពខ្នាតតូច ព្រមទាំងការយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាល បច្ចេកទេសកសិកម្ម និងចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ការអប់រំសុខភាពទូទៅ ចំណេះដឹងជំនាញអាជីវកម្មខ្នាតតូច។ ទាំងនេះ បាននិងកំពុងរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សម្បទានិក និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនបានមួយកម្រិតធំ។
លោក ខ័ណ្ឌ ចំណាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានកំណត់យកខេត្តក្រចេះជាខេត្តគោលដៅ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED I) ចាប់តាំងពីឆ្នាំ២០១៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន។
រដ្ឋបាលខេត្តក្រចេះ សម្រេចជ្រើសរើសយកស្រុកគោលដៅចំនួន២ គឺស្រុកចិត្របុរី មានឃុំគោលដៅចំនួន៤ គឺឃុំសំបុក ឃុំចង្ក្រង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺឃុំចំបក់។ ការផ្ដល់បណ្ណកម្មសិទ្ធិនេះ គឺធានាដល់សុវត្ថិភាពអ្នកកាន់កាប់ដីធ្លី (ម្ចាស់កម្មសិទ្ធិ) មានន័យថា ប្រជាពលរដ្ឋជាសម្បទានិកមានលក្ខខណ្ឌស្របច្បាប់ក្នុងការវិនិយោគលើដីធ្លី ដែលពួកគាត់បានរស់នៅ និងប្រើប្រាស់ដីអស់រយៈពេល៥ឆ្នាំ និងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ៕