(កណ្ដាល)៖ លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ថា អ្វីៗដែលពលរដ្ឋបានលើកឡើងមកនេះ រដ្ឋបាលខេត្តមិនមែនយកទុកលើតុទេ គឺដោះស្រាយជូនពលរដ្ឋរាល់ទុក្ខកង្វល់ ក៏ដូចជា សំណូមពររបស់ពលរដ្ឋមិនទុកចន្លោះណាមួយឡើយ ពោលគឺដោះស្រាយតាមជំហ៊ានៗ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ ធ្វើនៅសាលាស្រុកពញាឮ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងរាល់ទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល ក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋក្នុងវេទិកាថា រដ្ឋបាលខេត្តនឹងបន្តពង្រឹងយន្តការនៃការផ្ដល់សេវាសាធារណៈតាមរយៈអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងស្រុក ឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ពង្រឹងលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសនឹងបន្តអប់រំផ្សព្វផ្សាយពីការគ្រប់គ្រង និងទុកដាក់សំរាមកាកសំណល់ដើម្បីធានាបាននូវបរិស្ថានល្អផងដែរ។

ជាលទ្ធផលក្នុងវេទិកានេះមានសំណូមពរពីប្រជាពលរដ្ឋចំនួន ១២សំណូមពរពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការទប់ស្កាត់ឡានដឹកដីដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស សុំផ្លូវ បញ្ហាអគ្គិសនី និងទឹកស្អាត ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តធ្វើការស្រាយបំភ្លឺ និងទទួលយកដើម្បីពន្លឿនក្នុងការដោះស្រាយផងដែរ។

សូមជំរាបថា តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន១៧ សំណូមពរ ពាក់ព័ន្ធនឹងបញ្ហាការផ្តល់សេវាសាធារណៈហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់វិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនបានរួចរាល់ចំនួន ៧បញ្ហា នៅសល់ ១០បញ្ហាទៀតកំពុងដោះស្រាយបន្ត៕