(ភ្នំពេញ)៖ នៅវេលាម៉ោង១៖១០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៤៨ កែង១៣ សង្កាត់ផ្សារកណ្តាលទី១ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទំងន់ទោស (ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានសម្រេច ហើយគេចខ្លួន ទៅពួនសម្ងំក្នុង បន្ទប់ជួលជាន់ទី២ ក្នុងអគារជួលស្នាក់នៅមួយកន្លែង។

ជនសង្ស័យទាំង០៤នាក់នោះរួមមាន៖

*ទី១ ៖ ឈ្មោះ រស់ សុភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
*ទី២ ៖ ឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
*ទី៣ ៖ ឈ្មោះ ផែន វ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
*ទី៤ ៖ ឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ។

តាមដំណើររឿង នៅថ្ងៃកើតហេតុ ជនរងគ្រោះ ឈ្មោះ MARINA CRUZMONTULL ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិអេស្ប៉ាញ មុខរបរសិស្ស ស្នាក់នៅអូតែល19 ហេបភីហោស៍ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានដើរថ្មើរជើងតាមបណ្តាយផ្លូវ១៤៨កែង១៣(ខាងជើងផ្សារកណ្តាល)ស្រាប់តែ ត្រូវបានជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ា់កVIVA ពណ៏ខ្មៅមកក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេច និងបានជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញ បានចុះដល់ទីតាំងកើតហេតុ និងបានសាកសួរជនរងគ្រោះព្រមទាំងសាក្សីជុំវិញកន្លែងកើតហេតុ ទើបធ្វើការកំណត់មុខសញ្ញា ហើយបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជាក់ស្តែង នៅចំណុចអាគារជួលស្នាក់នៅមួយកន្លែង ចូលតាមច្រកឌឿងហែម ជាន់ទី២ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ បានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៤នាក់ ព្រមទាំងដកហូតកាបូបស្ពាយរបស់ជនរងគ្រោះមកវិញ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនរងគ្រោះមានសេចក្តីរំភើប និងអរគុណសមត្ថកិច្ចអាវុធហត្ថជាអនេកដែលបាននាំយកកាបូបនោះមកវិញបាន។

ក្នុងកាបូបនោះរួមមាន៖

*ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI
*លិខិតឆ្លងដែនចំនួន០១ក្បាល
*អត្តសញ្ញាណប័ណ្ណចំនួន០១
*កាតធនាគារចំនួន០២
*ប័ណ្ណបើកបរចំនួន០១សន្លឹក
*កាបូបតូចចំនួន០២
*លុយដុល្លារចំនួន ១០០ដុល្លា
*លុយខ្មែរចំនួន ២០០០រៀល
*លុយថៃចំនួន ៨២០បាត
*លុយEUROចំនួន ៦៣០ EURO
*ឯកសារ០១ចំនួនផ្សេងទៀត។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ រស់ សុភ័ក្រ្ត ដែលជាជនដៃដល់ បានព្រមឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៨ រយះពេល០១ឆ្នាំរួចម្តងហើយ ពាក់ព័ន្ធករណីឆក់កាបូប ដូចគ្នាផងដែរ៕