(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ អញ្ជើញធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ប្រគេនព្រះវិញ្ញាណក្ខ័ន្ធព្រះសព ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ព្រះរាជាគណៈ ថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្ត ដំរិល ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលព្រះអនិច្ចកម្ម នៅវេលាម៉ោង១០៖២៨នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ក្នុងព្រះជន្ម១០៤ព្រះវស្សា ដោយជរាពាធ។ ចំពោះព្រះសព ព្រះសីលសំវរ ឡឹង ធៀម បានដំកល់ទុកនៅវត្តដំរិលនេះ ដោយរង់ចាំបូជា ក្នុងអំឡុងរយ:ពេល៣ឆ្នាំ។
លោក ជាម ច័ន្ទសោភ័ណ បានចាត់ទុកការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវ័ន្តសង្ឃ ដែលមានបទពិសោធន៍ចាស់ទុំ របស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ព្រះពុទ្ធសាសនា។
លោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមឧទ្ទិសដល់ព្រះវិញ្ញាណខន្ធព្រះសព និមន្តទៅកាន់ឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ប្រសូត្រនៅថ្ងៃសុក្រ ១៥កើត ខែមាឃ ឆ្នាំរោង អដ្ឋស័ក ព.ស.២៤៥៦ គ.ស.១៩១៥ ដោយមានបិតានាម ឡឹង ជិម និងមាតានាម កែវ អ៊ុម ជាកសិករ នៅភូមិសំស្មែ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ កាលពីមានអាយុ ១៦ឆ្នាំ ត្រូវបានបិតានាំយកទៅទុកដាក់ឱ្យរៀនសូត្រអក្សរសាស្ត្រ លេខនព្វន្ត និងធម៍អាថ៏ នៅវត្តដំរិល។ លុះដល់អាយុ២១ឆ្នាំ បានបួសជាឧបសម្បទា នៅក្នុងពុទ្ធសីមាវត្តរកាឃ្នួច ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ។ ក្រោយពីបានសម្រេចញត្តិចតុ្ថកម្មវាចាមក ព្រះឧបជ្ឍាយ៍ឲ្យនាមបញ្ញត្តិថា «ឥន្ទតេរ»។ បន្ទាប់មកក្រោមពីឧបសម្បទាជាភិក្ខុភាវ:រួចហើយភិក្ខុ ឡឹង ធាម ក៏និមន្តទៅគង់វត្តដំរិលវិញ រហូតទទួលឋានៈជាព្រះគ្រូសូត្រ ហើយបន្តរហូតជាចៅអធិការវត្តដំរិលសព្វថ្ងៃនេះ។
ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម បានទទួលឋានន្តរសក្តិ ជាព្រះរាជាគណៈថ្នាក់ទី៤ និងទទួលបានផ្លិតរាជាគណៈដោយការតែងតាំង និងប្រគេនពីព្រះសង្ឃរាជគណៈមហានិកាយ ព្រះនាម ទេព វង្ស កាលពីឆ្នាំ២០០៤ ផងដែរ៕