(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ បានឃាត់បុរស ២នាក់ ពាក់ព័ន្ធការក្លែងបន្លំ ហើយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ បានរាយការណ៍ថា ជនសង្ស័យទាំង ២នាក់ រួមមាន៖ ឈ្មោះ ចាន់​ វិទូ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា និងឈ្មោះ ទួង សីហា រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ជនសង្ស័យទាំង ២នាក់ ត្រូវបាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានចេញដីកាបញ្ជាឲ្យចូលខ្លួនទៅបង្ហាញនៅនាយកដ្ឋាន នាថ្ងៃទី២៧ ខែធ្នូ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំតាមបណ្តឹងរបស់ គាន គឹមលាង។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ម៉ម បូព្រឹក ឈ្មោះ ហេង ចន្ថា ឈ្មោះ ខេង ឡែន ជា ស៊ាង ឈ្មោះ ម៉ៅ ស៊ីន្នី ឈ្មោះ ស៊ូ សុភី ឈ្មោះ កែវ ចាន់ធី ឈ្មោះ ចាន់ សុណន និងឈ្មោះ ចាន់ ម៉ារីណា បានរួមគ្នាដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន អូសិនណាអឺនធើណេសិនណល (OCEANA INTERNATIONAL Co.Ltd) ដែលមានទីតាំងស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលសាលាខណ្ឌសែនសុខ។

នៅក្នុងពាក្យបណ្តឹងនេះ ពួកគេបានធ្វើការអះអាងឡើងថា អំឡុងឆ្នាំ២០០៧-២០០៨ ប្រធានក្រុមហ៊ុន លោក គាន គឹមលាង បានធ្វើកិច្ចសន្យាទិញ-លក់ផ្ទះជាមួយពួកគេ ក្នុងតម្លៃទៅតាមផ្ទះ និងកិច្ចសន្យារៀងៗខ្លួន ហើយពួកគេបានអនុវត្តកាតព្វកិច្ចបង់ប្រាក់ឱ្យក្រុមហ៊ុន ទៅតាមកិច្ចសន្យាគ្រប់ចំនួនរួចរាល់ហើយ ប៉ុន្តែក្រុមហ៊ុនពុំទាន់អនុវត្តកាតព្វកិច្ច កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិលើទីតាំងផ្ទះ ទាំងអស់ខាងលើទៅឱ្យពួកគេទេ ដោយធ្វើការគេចវេស មិនព្រមទទួលខុសត្រូវក្នុងការកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិឱ្យពួកគេទៀតផង។

នៅក្នុងរឿងនេះពួកគេ សំណូមពរសូមឱ្យក្រុមហ៊ុនទទួលស្គាល់កិច្ចសន្យា ដែលបានធ្វើឡើងជាមួយពួកគេទាំងអស់គ្នា អនុវត្តកាតព្វកិច្ចផ្ទេរកម្មសិទ្ធិអចលនវត្ថុក្នុងកិច្ចសន្យាមកឱ្យពួកគេ និងសុំឱ្យក្រុមហ៊ុន មិនទាមទារប្រាក់ដែលនៅសល់ចំនួន ១០ភាគរយ ពីពួកគេថែមទៀតដោយមានភ្ជាប់កិច្ចសន្យាទិញលក់មួយចំនួនថែមទៀតផង។

នៅក្នុងពាក្យបណ្តឹង ប្រធានក្រុមហ៊ុន បានបដិសេធ និងចាត់ទុកថា ការចោទប្រកាន់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសសេចក្តីថ្លៃថ្នូរ ដោយលោកអះអាងថា ពួកគេបានធ្វើការបង់ប្រាក់ទៅតាមកិច្ចសន្យាគ្រប់ចំនួនរួចរាល់ហើយ ប៉ុន្តែនៅក្នុងសំណូមពរបែរជាសុំឱ្យក្រុមហ៊ុនមិនទាមទារប្រាក់ដែលនៅសល់ចំនួន ១០ភាគរយ ពីពួកគេ
ថែមទៀតទៅវិញ។

លើសពីនេះទៅទៀតចំពោះការចោទប្រកាន់ ប្រធានក្រុមហ៊ុន ពុំទាន់បានអនុវត្តកាតព្វកិច្ច ដោយធ្វើការគេចវេស មិនព្រមទទួលខុសត្រូវក្នុងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិផ្ទះឱ្យមកពួកគេ នោះក៏ជាការមិនពិតផងដែរ។ កន្លងមកទោះបីក្រុមហ៊ុន ជួបនូវវិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងបន្ទាប់មកទៀតក្រុមហ៊ុនមានបញ្ហាផ្ទៃក្នុងជាមួយម្ចាស់ភាគហ៊ុនឈ្មោះ ចាន់ វិទូ ក៏ក្រុមហ៊ុនព្យាយាមដោះស្រាយ ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ដោយបានធ្វើការព្រមព្រៀងគ្នា ដោយផ្ទាល់មាត់ ជាលាយល័ក្ខណ៍អក្សរ ដោយយោងតាមកិច្ចសន្យាទិញ-លក់ យល់ព្រមប្រគល់សិទ្ធិឱ្យភាគីអ្នកទិញ បន្តការសាងសង់ផ្ទះរហូត ដល់រួចរាល់ជាស្ថាពរដោយខ្លួនឯង ហើយអ្នកទិញបានឯកភាពគ្នាយកប្រាក់ដែលនៅសល់ចំនួន ១០ភាគរយ ដែលមិនទាន់បានបង់មកក្រុមហ៊ុននោះ យកទៅចំណាយនៅក្នុងការសាងសង់នេះដោយខ្លួនឯង ហើយអ្នកទិញទទួលស្គាល់ថា ពុំមានការពាក់ព័ន្ធជាមួយក្រុមហ៊ុនទៀតឡើយ។

ក្រុមហ៊ុនថែមទាំងបានធានាថា នៅពេលក្រុមហ៊ុនដោះស្រាយបញ្ហារួចរាល់ ក្រុមហ៊ុននឹងធ្វើការផ្ទេរសិទ្ធិជូន។ កន្លងមកនាយកក្រុមហ៊ុន បានខិតខំដោះស្រាយបញ្ហាដែលមានរហូត
មកដល់បច្ចុប្បន្ននេះនៅកំពុងដោះស្រាយនៅឡើយតាមផ្លូវច្បាប់។ ដោយឡែក ចំពោះចុងចោទខ្លះទៀតបានចុះកិច្ចព្រមព្រៀងបញ្ចប់វិវាទជាមួយក្រុមហ៊ុន ព្រមទាំងបានទទួលការផ្ទេរកម្មសិទ្ធិរួចរាល់ចប់សព្វគ្រប់ ពុំមានអ្វីពាក់ព័ន្ធជាមួយក្រុមហ៊ុនទៀតឡើយ៕