(ភ្នំពេញ)៖ កិច្ចប្រជុំមហាសសន្តិបាតសភាតំបន់អាស៉ី (APA) លើកទី១២ បានបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចចំនួន៣០ និងអនុម័តទទួលស្គាល់ប្រទេសទីម័រលេស ជាសមាជិកពេញសិទ្ធិរបស់ APA។
លោក ឈិន គឹមយាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានឲ្យដឹងក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែធ្នូ នៅព្រលានយន្តអន្តរជាតិភ្នំពេញថា កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកនេះ បានធ្វើឡើងក្រោមមូលបទ «តួនាទីកិច្ចសហប្រតិបត្តិការពុហភាគី រវាងសភាតំបន់អាស៉ី»។
លោកបន្តថា ក្នុងកិច្ចប្រជុំលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានប្រតិភូសភាកម្ពុជា បានធ្វើបទអន្តរាគមន៍ ដោយបានថ្លែងទៅកាន់អង្គមហាសន្និបាត ដែលមានសារៈសំខាន់ និងភាពចាំបាច់របស់តួនាទីនៃពហុភាគីនិយម ជាពិសេសតាមរយៈការងារការទូតសភា ដែលត្រូវបានអនុវត្តចាប់តាំងពីសង្រ្គាមត្រជាក់មក ក្នុងការដោះស្រាយជម្លោះក្នុងតំបន់ និងពិភពលោកប្រកបដោយសន្តិវិធី។ លោកបណ្ឌិតបានបញ្ជាក់ថា សភាកម្ពុជាបានប្រតិបត្តិតួនាទីនេះយ៉ាងសកម្មក្នុងការរួមចំណែកដល់ការពង្រឹង លើកកម្ពស់ និងថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោក។
លោកអនុប្រធានទី១រដ្ឋសភា ក៏បានបង្ហាញជូនអង្គមហាសន្និបាត ពីសមិទ្ធផលសេដ្ឋកិច្ច សង្គមសំខាន់នានា ដែលកម្ពុជាសម្រេចបានក្នុងការកសាង និងអភិវឌ្ឍប្រទេស ដែលក្នុងនោះកត្តាគន្លឹះ និងបុរេលក្ខណដ៏ចាំបាច់នោះគឺសន្តិភាព និងស្ថិរភាពនយោបាយ។ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និងស្ថិភាពសង្គម បានជួយឱ្យកម្ពុជាទទួលបាននូវកំណេីនសេដ្ឋកិច្ចខ្ពស់ រឹងមាំ និងធន់ ដែលជាមធ្យមក្នុងរង្វង់ ៧ភាគរយ។
លោកបន្តថា លទ្ធផលនៃវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម បានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។
លោក ឈិត គឹមយាន ក៏បានឲ្យដឹងថា លទ្ធផលរួម នៃមហាសន្និបាត ក្នុងរយៈពេល ៣ថ្ងៃ ដោយលើកឡើងថា អង្គមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៉ី សម្រេចបានលទ្ធផលដូច ខាងក្រោម៖
១៖ បានអនុម័តយល់ព្រមដោយឯកច្ឆ័នឱ្យសភាកាតា និងទីម័រលេស ចូលជាសមាជិកពេញសិទ្ធិរបស់ APA។ មកទល់ពេលនេះសមាជិកសភា APA បានកើនដល់ចំនួន ៤៤ប្រទេស។
២៖ បានអបអរសាទរ និងអរគុណចំពោះសភាតួកគី ដែលបានយល់ព្រមធ្វើជាប្រធាន APA សម្រាប់អាណត្តិ ២០២០-២០២១។
៣៖ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣០ ពាក់ព័ន្ធនឹងគណៈកម្មការចំនួន ៤សំខាន់ រួមមាន៖គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសង្គម និងវប្បធម៌ មានសេចក្តីសម្រេចចំនួន១៣ , គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពមានសេចក្តីសម្រេចចំនួន៧, គណៈកម្មាធិកាអចិន្រ្តៃយ៍កិច្ចការនយោបាយមានសេចក្តីសម្រេចចំនួន៩ និងគណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការថវិកានិងផែនការ មានសេចក្តីសម្រេចចំនួន១។
លោកបន្ថែមថា ក្នុងកិច្ចប្រជុំបានអនុម័តជ្រើសរើសតំណែងអនុប្រធាន APA និងជាប្រធានគណៈកម្មការចំនួន៣ ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មការអ ចិន្រ្តៃយ៌សម្រាប់ ឆ្នាំ២០២០ ដែលមានសមាសភាពដូចជា៖
១៖ គណៈកម្មាធិការអចិន្តៃ្រយ៍ទទួលបន្ទុក កិច្ចការនយោបាយ៖សភាអ៉ីរ៉ាក់ ជាអនុប្រធាន និងទទួលរៀបចំកិច្ចប្រជុំ។
២៖ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព៖ សភាបារ៉ែន ជាអនុប្រធាន និងទទួលរៀបចំកិច្ចប្រជុំគណៈកម្មការនេះ។
៣៖ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីថវិកា និងផែនការ៖ សភារុស្ស៊ី ជាអនុប្រធាន និងទទួលរៀបចំកិច្ចប្រជុំនៅប្រទេសគុយវ៉េត (ដើម្បីសម្រួលដល់កិច្ចការសភាតំបន់អាស៉ី មហាសន្និបាតបានអនុម័តយល់ព្រមតាម សំណើរបស់សភារុស្ស៊ី ដើម្បីបង្កើតក្រុមការងារមួយសិក្សា និងធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង ដែលសភាកម្ពុជាជាសមាជិកនៃក្រុមការងារនេះ)។
លោកបានឲ្យដឹងទៀតថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមជាតិសភាកម្ពុជា-APA បានដឹកនាំប្រតិភូចូលរួមមហាសន្និបាតយ៉ាងសកម្ម និងបានរួមចំណែកយ៉ាងធំធេង ធ្វើឱ្យអង្គមហាសន្និបាតទទួលបានជោគជ័យ និងទទួលបាននូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់សភាសមាជិក APA ជាពិសេសក្នុងអំឡុង ពេលដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះពីរឆ្នាំជាប់គ្នា២០១៥-២០១៦ កន្លងទៅ។
សូមជម្រាបថាមហាសន្និបាតលើកទី១២ ធ្វើនៅទីក្រុងអាន់តាលីយ៉ា សាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានគណៈប្រតិភូសភាសមាជិក APA ចំនួន ២១ ប្រទេសចូលរួម។
ក្នុងនោះរួមមាន៖ អាហ្វហ្គានីស្ថាន, បារ៉ែន, បង់ក្លាដេស, ចិន, សាយប្រឺស, ឥណ្ឌា, រុស្ស៊ី, កាហ្សាក់ស្ថាន, គុយវ៉េត, ប៉ាឡេស្ទីន, ហ្សកដង់, អ៊ីរ៉ង់, អ៊ីរ៉ាក់, ប៉ាគីស្ថាន, កាតា, តួកគី និងយ៉េមេន (ក្នុងនោះប្រទេសដែលជាសមាជិកអាស៊ានមានចំនួន៤ប្រទេស គឺកម្ពុជា ឡាវ ហ្វីលីពីន និងឥណ្ឌូនេស៉ី) ប្រទេសសមាជិកសង្កេតការណ៍ចំនួន ១ប្រទេស គឺប្រទេសអូម៉ង់ និងអង្គការសង្កេតការណ៍មានចំនួន ៤គឺ IPU, AIPA, PUIC និង PABSEC៕