(ស្វាយរៀង)៖ កម្ពុជា និងវៀតណាម នឹងរៀបចំកន្លែងត្រួតពិនិត្យទំនិញរួមគ្នាមួយ លើផ្ទៃដីប្រមាណ៥០ហិកតា នៅច្រកទ្វារអន្តរជាតិបាវិត ក្នុងខេត្តស្វាយរៀង។ ការរៀបចំកន្លែងត្រួតពិនិត្យទំនិញនេះ ធ្វើឡើងដើម្បីដោះស្រាយបញ្ហាកកស្ទះទំនិញនៅច្រកព្រំដែន។
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក NGUYEN VAN THE រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម ដោយមានការចូលរួមពីមន្ត្រីគយ មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពីតំណាងអង្គការ JICA ផងនោះ បានជួបពិភាក្សាគ្នារកដំណោះស្រាយការកកស្ទះចរាចរណ៍ដឹកទំនិញ តាមរថយន្តចេញចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម។
ក្នុងជំនួបពិភាក្សានាព្រឹកមិញនេះ រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម បានលើកឡើងថា ភាគីវៀតណាមមានដីទំហំ ៥០ហិកតា ដែលអាចបង្កើតជាតំបន់ត្រួតពិនិត្យទំនិញរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះទំនិញចេញចូលនេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការបង្កើតកន្លែងត្រួតពិនិត្យទំនិញរួមគ្នានេះ ជាបំណងរបស់មហាអនុតំបន់មេគង្គ (GMS) ក៏ដូចជាគោលបំណងរបស់អាស៊ានផងដែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការឆ្លងកាត់ទំនិញរវាងប្រទេសទាំងពីរ។
លោកទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ការបង្កើតកន្លែងត្រួតពិនិត្យទំនិញរួមគ្នាកម្ពុជា-វៀតណាមនេះ លោកនឹងបន្តពិភាក្សាជាមួយភាគីវៀតណាមបន្ថែមទៀត មុននឹងធ្វើជាបាយការណ៍ជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចអនុម័តផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្ននេះក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណជា ៤០០កុងតឺន័របានឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕