(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកបណ្ឌិត សុខ ប្រសិទ្ធិ និងជាប្រធានប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជន អាហារូបករណ៍ (ស២) នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាហុងស៊ុយ លំដាប់អន្ដរជាតិ សម្រាប់ឆ្នាំ២០២០ ដែលមានអ្នកចូលរួមជាច្រើនរយនាក់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សុខ ប្រសិទ្ធិ បានលើកឡើងថា ដោយបង្ហាញនូវមោទនភាពដែលបានចូលរួមបើកសិក្ខាសាលាហុងស៊ុយ ឆ្នាំ២០២០ ដែលមានគ្រូហុងស៊ុយល្បីៗ មកពីប្រទេសផ្សេងៗជាច្រើន ដូចជា ប្រទេសថៃ សិង្ហបុរី។ លោកអះអាងថា គ្រូហុងស៊ុយដែលមកចូលរួមនេះ សុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់។
មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ ក៏បានកត់សម្គាល់ថា ការរៀបចំរបស់វិស័យឯកជន ពិតជាខ្វះមិនបានសម្រាប់ការសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាល ព្រោះវិស័យ ឯកជន គឺជាវិស័យដែលគាំទ្រឲ្យរាជរដ្ឋាភិបាលមានខឿនសេដ្ឋកិច្ចជឿនលឿនទៅបាន។ លោកក៏បានលើកឡើង ដោយស្នើឲ្យអ្នកធ្វើការលើ វិស័យហុងស៊ុយនេះ ចូលរួមលុបបំបាត់នូវព័ត៌មានមិនពិត Fake News ដោយត្រូវចូលរួមផ្សាយនូវអ្វីដែលជាព័ត៌មានពិតប្រាកដ។
គួរជម្រាបថា សិក្ខាសាលាហុងស៊ុយលំដាប់អន្តរជាតិ ធ្វើឡើងដើម្បីបង្ហាត់បង្ហាញសិស្សឲ្យដឹងពីហុងស៊ុយប្រចាំឆ្នាំ២០២០ ត្រូវធ្វើយ៉ាងណាខ្លះឲ្យមានលាភចូល រកស៊ីឡើង កុំឲ្យឆុង ជាពិសេសគឺដើម្បីរំឭកដល់គុណគ្រូ និងបង្ហាញភាពជោគជ័យរបស់អ្នកដែលបានរៀបហុងស៊ុយរួចហើយរកស៊ីឡើង។
អ្នកគ្រូ ណាលី ស្ថាបនិកស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ បានអះអាងថា រយៈពេលជាងពីរឆ្នាំមកនេះ ក្រុមការងាររបស់អ្នកគ្រូ មានអ្នកមកឲ្យរៀបហុងស៊ុយរាប់ពាន់នាក់ ហើយក្នុងនោះអ្នករៀបហុងស៊ុយ រួចហើយ បានផលជោគជ័យរកស៊ីឡើង មានប្រមាណ៩៥ភាគរយ ក្នុងនោះ៥ភាគរយទៀត ដែលមិនជោគជ័យ ដោយសារគាត់អត់ធ្វើតាមការណែនាំគ្រប់ជ្រុងជ្រោយ។
ជារឿងគួរឲ្យផ្អើល និងស្ទើរតែមិនជឿ គឺអ្នកដែលមករកឲ្យស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ រៀបហុងស៊ុយឲ្យនោះ មានចំនួនច្រើនលើសលប់ រហូតដល់ថ្នាក់ត្រូវរង់ចាំដល់ជាង១ឆ្នាំឯណោះ ទើបដល់វេនបានមើល និងរៀបហុងស៊ុយ នេះក៏ជាមូលហេតុមួយដែលអ្នកគ្រូ ណាលី កំពុងតែប្រកាស និងទទួលបង្រៀនថ្នាក់ហុងស៊ុយ ចាប់ពីឆ្នាំ២០២០ខាងមុខនេះ។
អ្នកគ្រូ ណាលី បានបញ្ចប់ការសិក្សាលើវិជ្ជាហុងស៊ុយជាន់ខ្ពស់ ពីគ្រូដើមនៅប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ព្រមទាំងបានឆ្លងកាត់ហុងស៊ុយអូឌីត (Feng Shui Audit) នៅសិង្ហបុរី រហូតដល់ក្លាយជាគ្រូហុងស៊ុយ ទទួលស្គាល់ដោយអន្តរជាតិ តែម្នាក់គត់តំណាងឲ្យប្រទេសកម្ពុជា៕