(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងភរិយា បានអញ្ជើញផ្តល់ឧបករណ៍សប្បនិម្មិត ជូនជនពិការក្នុងខេត្តព្រះវិហារ។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការតាមបណ្តាមន្ទីរ អង្គភាព លោកអភិបាលក្រុងស្រុកផងដែរ។
ក្នុងឱកាសនោះដែរលោក សួស យ៉ារ៉ា បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាពីអតីតកាល ទទួលរងនូវភ្នក់ភ្លើងសង្គ្រាមរ៉ាំរៃជាច្រើនឆ្នាំ ជាពិសេសបន្ទាប់ពីថ្ងៃរដ្ឋប្រហាររបបលន់នុល នាំឲ្យវិនាសកម្មដ៏ធំរហូតមាននូវរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យប្រជាជនកម្ពុជា ទទួលរងទុក្ខវេទនាពីសង្គ្រាម បន្សល់នូវស្រ្តីមេម៉ាយ កុមារកំព្រា និងភាគច្រើនធ្វើឲ្យខ្លួនក្លាយជាជនពិការ ដៃជើង ក៏ដូចអវះយះវះរាងកាយជាច្រើននៅទូទាំងប្រទេស។
លោកបន្តទៀតថា ក្រោយទទួលបានសុខសន្តិភាពក្រោមគោលនយោបាយឈ្នះឈ្នះដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រទេសយើងទទួលបានទាំងសន្តិភាព និងការអភិវឌ្ឍន៍ លើសពីនេះទៀតការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ជនពិការនៅទូទាំងប្រទេសត្រូវលើកកម្ពស់ និងផ្តល់ឱកាសខ្ពស់ក្នុងការចូលរួមអភិវឌ្ឍជាតិ តាមរយៈការដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ជនពិការការលើកទឹកចិត្តក្នុងការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនផងដែរ លើសពីនោះជនពិការជានិវត្តជន ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។
ជាក់ស្តែងនាពេលនេះ យើងទទួលបានការពិនិត្យ និងព្យាបាលការតដៃជើងសិប្បនិម្មិត្តដោយមិនគិតថ្លៃពីសំណាក់ក្រុមវិជ្ជសាស្រ្តសកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងរូបខ្ញុំបាទផ្ទាល់ ដែលទាំងនេះបង្ហាញកាន់តែច្បាស់ពីការរួមចំណែក ជាមួរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធានាបាននូវសុខមាលភាពប្រជជាពលរដ្ឋជាពិសេសជនពិការក្នុងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ក្រុមវេជ្ជសាស្រ្តបានចាប់ដំណើរការអស់រយៈពេលបួនថ្ងៃកន្លងមកហើយ ក្រោមការសម្របសម្រួល និងឧបត្ថម្ភគាំទ្រពីសំណាក់លោកតំណាងរាស្រ្ត សួស យ៉ារ៉ា លើការពិនិត្យ និងព្យាបាលតដៃជើងសិប្បនិមិត្មជូនជនពិការបានចំនួន ៧៨រូប ក្នុងនោះរួមមាន តដៃ និងជើងសិប្បនិមិត្តដោយឥតគិតថ្លៃជូនជនពិការខេត្តព្រះវិហារ។
ក្នុងពិធីនោះដែរលោក សួស យ៉ារ៉ា បាននាំយកនូវភេសជ្ជៈ និងថវិកាជូនជនពិការ និងអ្នកចូលរួមទាំងអស់ផងដែរ៕