(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ការពារអាយុជីវិតអ្នក គ្រួសារអ្នកដោយពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកបានបន្តថា ក្នុងការអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង ៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ, បើបើកបរកុំពិសាគ្រឿងស្រវឹង»។
លោកបន្តថា ប្រទេសកម្ពុជាមានការរីកចំរើនឥតឈប់ឈរ ស្ថិរភាព សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈកាន់តែត្រូវបានធានាយ៉ាងរឹងម៉ាំ ភាពរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អបានធ្វើឱ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ បានកើនឡើងនាប៉ុន្មានឆ្នាំនេះ ទន្ទឹមនឹងនេះគ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយគួរឱ្យ ព្រួយបារម្ភ របស់រាជរដ្ឋាភិបាល។
ក្នុងនោះលោក សុខ លូ បានជំរុញដល់សមត្ថកិច្ចតាមដងផ្លូវ ត្រូវពង្រឹងអនុត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ជាមន្ត្រីអនុវត្តន៍ច្បាប់ និងធ្វើការស្នើរគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងខេត្តត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានក្លាំងខ្លាបន្ថែមទៀតដើម្បីចូលរួមអនុវត្តច្បាប់ប្បញ្ញតិចរាចរណ៍នានាសំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនិង រួមគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឲ្យមកត្រឹមកម្រិតទាប។
ការលើកឡើងរបស់លោក សុខ លូ នៅក្នុងឱកាសលោកអញ្ជើញ ចូលរួមផ្សព្វផ្សាយនិងចែកខិតប័ណ្ណពីសុវត្ថិភាពចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ដោយមានការចូលរួមដោយ អភិបាលរងក្រុង មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានចូលរួមបអបអរសាទរ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពាក់មួកសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ទោះបីទីជិតទីឆ្ងាយយ៉ាងណាក៏ដោយ ហើយយើងឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន គឺបានចូលរួមអនុវត្តពាក់មួកសុវត្ថិភាព ជាពិសេសគឺការគោរពច្បាប់ចរាចរណ៍ ប៉ុន្តែនៅមានបងប្អូនមួយចំនួនតូចដែលមិនទាន់បានអនុវត្តន៍។
ក្នុងពិធីផ្សព្វផ្សាយ និងចែកខិតប័ណ្ណពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមការងារក៏បានចែកជូននូវមួកសុវត្ថិភាពចំនួន២០០ ដល់ប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ៕