(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្របពេលសំណុំរឿងថៅកែស្ថានីយ៍ប្រេង PTT រង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ដែលរងការចោទថាបានប្រើហិង្សាទៅលើគ្រូបង្រៀនម្នាក់ ត្រូវបាននគរបាលខណ្ឌដង្កោ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិច្បាប់, ថៅកែស្ថានីយ៍ប្រេង PTT លោក សារុន វិធុរ៉ាក់ ក៏បានចេញមកបកស្រាយថា លោកមិនបានប្រើហិង្សាទៅលើគ្រូបង្រៀននោះឡើយ មានតែហាមឃាត់មហាជនកុំឲ្យវាយទាត់ធាក់គាត់។
លោក សារុន វិធុរ៉ាក់ បានបញ្ជាក់ថា នៅយប់កើតហេតុនោះ បន្ទាប់ពីបានឮសម្រែកស្ត្រីម្នាក់ស្រែកឆោឡោថា មានគេលួចថតខ្លួនក្នុងបន្ទប់ទឹកក្រុមបុគ្គលិកបានស្ទុះទៅ ឃាត់បុរសម្នាក់ ខណៈគាត់បានព្យាយាមរត់ចូលរថយន្ត។ នៅពេលឃាត់បានដើម្បីសាកសួរពីដើមហេតុនៃបញ្ហាតែបុរសរូបនោះមិនព្រមសហការឡើយ ភ្លាមៗនោះលោក សារុន វិធុរ៉ាក់ ប្ដឹងនគរបាលឲ្យមកជួយអន្តរាគមន៍ ហើយឆែកមើលទូរស័ព្ទឃើញថា បុគ្គលជាគ្រូបង្រៀនរូបនេះបានថតរូបគេនៅក្នុងបន្ទប់ទឹក ស្រ្តីក្នុងស្ថានីយ៍ប្រេងរបស់ខ្លួនពិតមែន។
លោកបានបដិសេធថា មិនបានវាយបុរសនោះឡើយ មានតែចូលទៅជួយហាមឃាត់កុំឲ្យគេវាយទាត់ធាក់ ក្រែងលោមានរបួសស្នាមធ្ងន់ធ្ងរណាមួយនៅកន្លែងរកស៉ីរបស់គាត់ អាចកើតរឿងកើតហេតុកាន់តែធំ។ លោកបន្តថា ស្ត្រីរងគ្រោះដែលត្រូវគ្រូបង្រៀន អ៉ឹម សិរីរដ្ឋ លួចថតនៅក្នុងបន្ទប់ទឹកនោះ ពុំបានស្គាល់ឈ្មោះនោះទេ ព្រោះគាត់បានរួសរាន់ឡើងរថយន្តទៅបាត់ បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយមក។
ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចបញ្ជាក់ថា អ្នកវាយទាក់ធាក់អាចនឹងមានទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បុរសដែលរងការប្រើហិង្សានោះបានចេញមកបកស្រាយនៅលើ Facebook របស់ខ្លួនដោយបដិសេធ ទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ និងបានអះអាងថា ខ្លួនមានក្របខ័ណ្ឌជាមន្រ្តីអប់រំ និងជាគ្រូបង្រៀនទៀតផង។
លោក អ៊ឹម សិរីរដ្ឋ ដែលបានបង្ហោះអមដោយលិខិតបង្ហាញលទ្ធផលទៅពិនិត្យស្នាមរបួសនៅមន្ទីរអង្គឌួង និងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយអនុក្រឹត្យ និងព្រះរាជក្រឹត្យស្តីពី ការតែងតាំងតំណែង ខ្លួននោះ បានបដិសេធទាំងស្រុងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ គឺជាការយល់ច្រឡំចូលទៅក្នុងបន្ទប់ទឹកនារី ពេលលោកបើករថយន្តទៅផ្ទះនៅឯខេត្តតាកែវ ប៉ុន្តែមិនទាន់បានចេញមកស្រួលបួលផង ស្រាប់តែកូនចៅរបស់ថៅកែស្ថានីយ៍ប្រេង រត់មកចាប់វាយ និងបង្ខំឲ្យសារភាពទោសកំហុស។
ពាក់ព័ន្ធករណីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនមកតំណាងអយ្យការដើម្បីចាត់ការតាមច្បាប់ បើទោះបីជនរងគ្រោះមិន បានដាក់ពាក្យបណ្តឹងក៏ដោយ។
សម្រាប់លោក សារុន វិធុរ៉ាក់ បានស្នើដល់មហាជនថា ក្នុងនាមខ្លួនគាត់ជាថៅកែ នៅពេលដែលមានរឿងក្នុងកន្លែងរបស់ខ្លួន តើថៅកែគួរតែនៅស្ងៀម ឬចេញមុខអន្តរាគមន៍រកខុសរកត្រូវ? ជាការពិត នៅពេលមានរឿងភ្លាម ខ្លួនក៏បានសួរនាំពីបញ្ហាភ្លាមៗផងដែរ ដើម្បីចង់ដឹងការពិតថា ហេតុអ្វីបានលោកគ្រូបង្រៀននោះ កើតរោគចិត្តទៅលួចថតគេក្នុងបន្ទប់ទឹកយ៉ាងដូច្នោះ?
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលលោក សារុន វិធុរ៉ាក់ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតលោក ច័ន្ទ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងមណ្ឌលតាកែវ បានបង្ហោះវីដេអូមួយ ដោយបង្ហាញមុខបុរសម្នាក់ (ក្រោយមកទើបដឹងថា ជាគ្រូបង្រៀន) ជាមួយស្នាមបែកមុខចេញឈាម អមដោយមានកូនចៅរបស់ថៅកែ ស្ថានីយ៍ប្រេងចាប់ចងដៃទៅក្រោយ និងចាប់បោចសក់ឡើងទៀតផង។
នៅក្នុងវីដេអូនោះលោក សារុន វិធុរ៉ាក់ បានអះអាងថា នៅពេលនេះលោកបានចាប់ជនពាលម្នាក់ ដោយមានគេជួលមកអុកឡុកកន្លែងស្ថានីយ៍ប្រេងរបស់លោក និងបានលួចចូលទៅក្នុងបន្ទប់ស្រី ដើម្បីថតរូបមនុស្សស្រីចូលក្នុងបន្ទប់បត់ជើង។ ចំពោះវីដេអូមួយនេះ មានការបកស្រាយពេញបណ្តាញសង្គម Facebook ផ្សេងៗពីគ្នាថា ថៅកែរូបនេះបានធ្វើត្រូវដោយចាប់ជនល្មើស ដែលប្រព្រឹត្តទង្វើបែបនេះ ប៉ុន្តែក៏មានការបញ្ចេញយោបល់ជាច្រើនលើសលប់ផងដែរថា សកម្មភាពហិង្សារបស់ថៅស្ថានីយ៍ប្រេង និងកូនចៅ បានជ្រុលហើយ និងខុសច្បាប់ទៀតផង ដោយខ្លួនមិនមានសិទ្ធិទៅចាប់ចង ឬទៅប្រើហិង្សាទៅជនណាម្នាក់នោះឡើយ ត្រូវទុកឲ្យមន្រ្តីនគរបាលយុត្តិធម៌ចាត់ការតាមច្បាប់៕