(ភ្នំពេញ)៖ កម្ពុជាបានទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ដោយត្រូវប្រណាំងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ហើយក៏កំពុងខិតខំសហការយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះផងដែរ។
ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយភាពរលូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមការងារជំនាញ នៅសាលាខេត្តកែប នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ នឹងចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរកម្ពុជា និងរួមចំណែកផលិតធនធានមនុស្សសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។
ក្រសួងទេសចរណ៍កំពុងសហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកម្ពុជា ដើម្បីទទួលបានសញ្ញាបត្រទទួលស្គាល់ដោយ UCI ដែលវគ្គនេះរៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយការអនុវត្តនឹងយកព្រឹត្តិការណ៍នេះជាពេលវេលាសម្រាប់អនុវត្ដ។
លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់តំបន់ឆ្នេរកម្ពុជា ក្រៅពីការលើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជា ក៏បានជួយបំប៉នសមត្ថភាពកីឡាករជាតិកាន់តែច្រើនផងដែរ ធនធានមនុស្សក្នុងផ្នែកជំនាញ ធនធានមនុស្សក្នុងផ្នែកទទួលបដិសណ្ឋារកិច្ច និងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក ដែលនឹងទទួលបានពីការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកលើកដំបូងនេះ។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់រដ្ឋបាលខេត្ត ស្រុក ក្រុងពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជំរុញ និងរៀបចំកិច្ចការងារនេះឱ្យបានល្អ ដើម្បីបង្ហាញជូនភ្ញៀវទេសចរ ក្រុមកីឡាករជាតិ-អន្តរជាតិ ពីការទទួលបដិសណ្ឋារកិច្ចចំពោះពួកគេ និងផ្សព្វផ្សាយពីមុខមាត់ប្រទេសជាតិផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះមានក្រុមកីឡាករចុះឈ្មោះចូលរួមប្រមាណ ២០ក្រុមហើយ សរុបជាង២០០នាក់ ក្នុងនោះក្រុមកីឡាករកម្ពុជាមានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពី១៥ប្រទេសចូលរួមផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលធ្វើឡើងនាដើមឆ្នាំ២០២០ នឹងបែងចែកជា៣ដំណាក់កាល ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរ ឆ្ពោះទៅទីរួមខេត្តកោះកុង, ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោក ឆ្ពោះទៅខេត្តកែប ។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងយ៉ាងហោចមាន ២០ក្រុមមកពី ១៥ប្រទេសគ្រប់ទ្វីបចូលរួម ស្មើនឹងកីឡាករ-កីឡាការិនីប្រមាណ ២០០នាក់ ដែលសុទ្ធតែជាអ្នកជិះកង់កម្រិតអាជីព៕