(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្វាយលិខិតមួយច្បាប់ជូន សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្នើឲ្យគណបក្សនេះពន្យារពេលការធ្វើសមាជវិសាមញ្ញារបស់ខ្លួន ជាបណ្តោះអាសន្នសិន រហូតដល់ដោះស្រាយបញ្ហាផ្ទៃក្នុង របស់គណបក្សចប់សព្វគ្រប់ជាមុនសិន។
សមាជវិសាមញ្ញារបស់គណបក្សហ្វ៊ុនស៊ិនប៉ិច គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
លិខិតរបស់សម្តេចក្រឡាហោម ស ខេង ថ្វាយសម្តេចក្រុមព្រះបានបញ្ជាក់យ៉ាងដូច្នេះថា «ទូលបង្គំសូមទូលថ្វាយ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សមេត្តាជ្រាបថា ក្រសួងមហាផ្ទៃ បានទទួលនូវលិខិតជូនដំណឹង ស្តីពីការរៀបចំធ្វើសមាជវិសាមញ្ញ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគ្រោងរៀបចំឡើង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃស្នើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិន ពន្យារពេលនៃការរៀបចំធ្វើសមាជវិសាមញ្ញ របស់គណបក្សជាបណ្តោះអាសន្នសិន រហូតដល់គណបក្ស បានសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុង របស់គណបក្សចប់សព្វគ្រប់ជាមុនសិន»។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានស្នើសុំឲ្យគណបក្សត្រូវអនុវត្តតាមប្រការ២៤ នៃលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ៕