(ភ្នំពេញ)៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់។
លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានថ្លែងថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលអាចជួលបានមានទំហំ៧៥០០ម៉ែត្រការ៉េ ហើយបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀត ដោយការសម្រិតសម្រាំងបំផុត។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ជីប ម៉ុង រីថែល បានបញ្ជាក់ឲ្យដឹងថា ផ្សារទំនើបនេះ រចនាផ្តោតសំខាន់លើការបញ្ចូល និងបន្ស៉ីគ្នារវាងសំណង់បែបទំនើប និងធម្មជាតិ ដើម្បីធានាថាអតិថិជន ដែលមកកាន់ផ្សារទំនើបនេះ មានអារម្មណ៍ស្រស់ស្រាយ ទទួលបាននូវភាពរីករាយ។ ក្រុមហ៊ុនបានផ្ចិតផ្ចង់ធ្វើយ៉ាងណាសោភ័ណភាព របស់ផ្សារទំនើបមួយនេះ ស័ក្តិសមជាផ្សារទំនើប ដែលស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញផងដែរ ដែលអគារពាណិជ្ជកម្មមួយនេះ មិនត្រឹមតែចូលរួមលើកសម្រស់រាជធានីភ្នំពេញមួយកម្រិតប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋជាច្រើន តាំងពីកំពុងសាងសង់ រហូតដល់សង់រួច។
សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង រីថែល វិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកប្រាក់សរុបចំនួន ៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាងសង់និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស។
លោក ឃួង ស្រេង បានថ្លែងស្វាគមន៍ចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំងកោតសរសើរដល់ក្រុមហ៊ុននេះ ដែលតែងតែធ្វើការវិនិយោគជាច្រើនសន្ធឹកសន្ធាប់ ហើយជាច្រើនកន្លែងថែមទៀត។
លោកចាត់ទុកថាសកម្មភាពនេះ គឺជាការលើកទឹកចិត្តមួយ ដល់រាជរដ្ឋាភិបាល ដែលជាដៃគូមួយយ៉ាងពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេសជាតិ៕