(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង និងកំពុងជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង ពេលនេះទទួលបានការជួយសង្គ្រោះបន្ទាន់ភ្លាមៗ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ជុំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវខាងលើនេះ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ស្ថិតនៅក្រុមទី៤ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងនាមអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមាន ប្រជាពលរដ្ឋ ជួបរាល់ហានិភ័យផ្សេងៗ ដែលងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ពោលគឺមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមជម្រាបថា កាលម៉ោង១១៖០០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាងចំរះ២ ខណ្ឌឬស្សីកែវ ដែលមានម្ចាស់ឈ្មោះ អ៊ូ ចាន់ធូ ភេទស្រី អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ ដែលមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយការគ្រប់គ្រងក្នុងការជួយសង្គ្រោះបានទាំងស្រុង និងរលត់ទៅវិញ នៅម៉ោង១១៖៣០នាទី ពោលកន្លះម៉ោងក្រោយ បន្ទាប់ពីកើតហេតុ។
បើតាមលោកវរសេនីយ៍ត្រី គង់ ថូ នាយរងការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា អគ្គីភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់១ខ្នងទាំងស្រុង ដែលសាងសង់ឡើងពីថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណ១០ម៉ែត្រ តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឬឆាបឆេះឆ្លងទៅដល់ផ្ទះអ្នកក្បែរខាងឡើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ភ្លាមៗ ទាន់ពេលវេលាដោយរថយន្ដពន្លត់អគ្គីភ័យសាលាខណ្ឌឬស្សីកែវ១គ្រឿង ប្រើប្រាស់ទឹកអស់ ៤ម៉ែត្រគូប និងរថយន្ដការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿងផ្សេងទៀត ប្រើប្រាស់ទឹកអស់ ១២ម៉ែត្រគូប៕