(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ ស្តីពីការសិក្សាប្លង់លម្អិត និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង និងកិច្ចសន្យាស្តីពីការផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) ត្រូវបានប្រារព្វធ្វើឡើង នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃ ១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានអញ្ជើញចូលរួម ពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងភាគីពាក់ព័ន្ធជាច្រើននាក់។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានថ្លែងសម្តែងនូវការរីករាយអបអរសាទរ ចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ដែលខំប្រឹងប្រែងរួមគ្នា តាំងពីឆ្នាំ២០១៧ មក ។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានផ្តល់ឥណទានសម្បទាន ដល់ការអនុវត្តគម្រោងនេះ ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានខិតខំសហការគាំទ្រ យ៉ាងមមាញឹកផងដែរ និងជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើយ៉ាងណា ដើម្បីឲ្យខេត្តស្ទឹងត្រែង ដែលជាខេត្តឆ្ងាយដាច់ស្រយ៉ាលនៅភូមភាគឥសាន្តកម្ពុជា ហើយមានប្រព័ន្ធទឹកស្អាតចាស់ទ្រុឌទ្រោម បែកធ្លុះធ្លាយ ត្រូវបានកែលំអរឲ្យប្រសើរឡើងវិញ ស្របពេលដែលបច្ចុប្បន្ន ការផលិតបានត្រឹមតែ ៤៣% ទូទាំងក្រុងស្ទឹងត្រែង។
តាមរយៈសមិទ្ធផលនៃគម្រោងនេះ អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង នឹងមានសមត្ថភាពផលិតសរុប ១៤.៥០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ គឺស្មើនឹងប្រមាណ ៦ដង នៃសមត្ថភាពផលិតពីមុន និងបណ្តាញចែកចាយសរុបប្រមាណ ៣១៦,៦ គីឡូម៉ែត្រ ដែលនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត ដែលមានគុណភាព សុវត្ថភាព និងនិរន្តរភាព និងតម្លៃសមរម្យ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងមូល (១០០%) និង០៩ភូមិ ក្នុងឃុំចំនួន៣ ក្នុងស្រុកថាឡាបរីវ៉ាត់ និងស្រុកសេសាន សរុបប្រមាណ ១ម៉ឺនគ្រួសារ ដែលបានរួមចំណែក ធ្វើឲ្យអង្គភាពរដ្ឋាករទឹក ខេត្តស្ទឹងត្រែង សម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ ឆ្នាំ២០២៥ ទឹកស្អាតនឹងទទួលបាន១០០ សម្រាប់តំបន់ទីក្រុង និងទីប្រជុំជន។
ដោយឡែកកិច្ចសន្យា ស្តីពីការផ្តល់សេវាទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងទឹកស្អាតនិងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនគារអភិវឌ្ឃន៌អាស៊ី ADB លេខ៣៦៣០ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានផ្តល់សារៈសំខាន់ដូចគ្នាផងដែរ ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការទាក់ទាញបាននូវការវិនិយោគថ្មីៗ បន្ថែមទៀត។
បន្ទាប់មកលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការសិក្សាប្លង់លម្អិតនិងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតខេត្តស្ទឹងត្រែង ជាមួយលោកឧកញ៉ា ទូច គីម តំណាងក្រុមហ៊ុន Kimex & SPBH Joint Venture ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ និងចុះហត្ថេលខាលើកិច្ចសន្យាមួយទៀត ជាមួយតំណាងក្រុមហ៊ុន RENARDET SA និងក្រុមហ៊ុន SGAPI s.r.l ស្តីពីការផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) លេខ ៣៦៣០ ។
ជាថ្មីម្តងទៀត លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវអំណរគុណ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ការគាំទ្រ យ៉ាងពេញទំហឹងដល់គម្រោងនេះ៕