(ភ្នំពេញ)៖ លោកស្រីកូវ ច័ន្ទសុវណ្ណារិទ្ធ ដែលត្រូវបានមហាជនស្គាល់ថា ជាថៅកែស្រីដ៏ឆ្នើម ដែលរវល់នឹងជំនួញជាច្រើន ជាពិសេសគ្រប់គ្នាស្គាល់ថាជាម្ចាស់សិប្បកម្មរ៉ារី កំពុងទទួលបានការកោតសរសើរច្រើនពីសំណាក់មហាជន។ ទោះបីមានកិច្ចការច្រើនក្នុងដៃ តែលោកស្រីនៅតែមិនភ្លេចឡើយ ក្នុងការចែករំលែកក្តីស្រឡាញ់ តាមរយៈការធ្វើកិច្ចការងារសប្បុរសធម៌ ដល់ជនខ្វះខាតតាមទីជនបទ។ និយាយរួម ទោះមិនបានធ្វើការចែកដោយផ្ទាល់ តែលោកស្រីបានឲ្យក្រុមការងារចុះចែកអំណោយដល់ជនខ្វះខាតស្ទើរគ្រប់កន្លែង។
ពិតណាស់ តាមរយៈបណ្តាញសង្គមផ្លូវការរបស់លោកស្រី ដែលមានឈ្មោះថា «ខេ ស៊ី អរ ចែករំលែកមនុស្សធម៌» បានបង្ហាញសកម្មភាពជាច្រើន ពេលក្រុមការងារលោកស្រីចុះធ្វើការងារសប្បុរធម៌ ភ្ជាប់ជាមួយនឹងសារថា «អំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួនរបស់នាងខ្ញុំ តាមរយះក្រុមការងារKCR តែងតែចុះទៅសួរសុខទុក្ខ លោកតា លោកយាយ ទុរគតជនជាប្រចាំ ទោះជាពេលខ្លះនាងខ្ញុំមិនបានចុះទៅជួបពួកគាត់ដោយផ្ទាល់ ដោយសារនាងខ្ញុំមានការងារមមាញឹកក៏ដោយ ក៏នាងខ្ញុំតែងតែផ្តល់អំណោយជាប្រចាំជូនពួកគាត់សំរាប់បរិភោគប្រចាំថ្ងៃ ហើយនាងខ្ញុំក៏មានការនឹករលឹកលោកតាលោកយាយផងដែរ។ អំពើល្អមិនសាបសូន្យ»។
សកម្មភាពនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមលើកនូវការកោតសរសើរគ្រប់ៗគ្នា ព្រោះនេះជាទង្វើរដ៏ល្អមួយដែលបុគ្គលមានទ្រព្យសម្បត្តិច្រើនគ្រប់រូបគួរយកជាគំរូតាម។ ជាពិសេស គឺបានបង្ហាញពីការចែករំលែក ទៅជនខ្វះខាត ក្នុងនាមជាខ្មែរតែមួយ។
គួរជម្រាបថា ក្រៅពីមានការចាប់អារម្មណ៍នឹងសកម្មភាពសប្បុរសធម៌នេះហើយ មហាជនធ្វើការកត់សម្គាល់ថា លោកស្រី កូវ ច័ន្ទសុវណ្ណរិទ្ធ កំពុងធ្វើនូវសកម្មភាពមួយចំនួន ជាផ្នែកមួយលើស្ទួយសម្លៀកបំពាក់ខ្មែរ។ ពោលពេលចូលរួមក្នុងកម្មវិធីតូចធំនានា លោកស្រីតែងតែបង្ហាញសម្រស់យ៉ាងសោភាក្នុងឈុតសម្លៀកបំពាក់យ៉ាងសមសួន ដែលច្នៃចេញពីសរសៃសូត្រ ហូស ខ្មែរ។
លោកស្រីបានលើកឡើងថា «ចូលរួមក្នុងកម្មវិធីតូច ឬធំ នាងខ្ញុំមិនដែលភ្លេចឡើយនូវសម្លៀកបំពាក់ដែលធ្វើពីសរសៃសូត្រហូលខ្មែរយើង ព្រោះជាអត្តសញ្ញាណប្រពៃណីខ្មែរយើង ហើយថែមទាំងស្រស់ស្អាតមិនចាញ់ក្រណាត់យកចូលពីបរទេសឡើយ។យើងជាខ្មែរ ត្រូវតែគាំទ្រអ្វីដែលជារបស់ខ្មែរ យើងត្រូវលើកស្ទួយខ្មែរតាមរយៈការប្រើប្រាស់ផលិតផលខ្មែរយើង។សូមចូលរួមអោយតំលៃអ្វីដែលជារបស់ខ្មែរ។ អំពើល្អមិនសាបសូន្យ»៕