(កណ្តាល)៖ កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញ បានបើកប្រតិបត្តិការចុះបង្ក្រាបកន្លែងលួចកែច្នៃរថយន្តបែនខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយដកហូតរថយន្តកែច្នៃចំនួន១៩គ្រឿង នៅទីតាំង២ផ្សេងគ្នា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ទីតាំងលួចកែច្នៃរថយន្តទាំងនេះ ត្រូវបានមន្រ្តីជំនាញ បានព្រមានថា មានការប៉ះពាល់ខ្លាំងណាស់ និងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅពេលយករថយន្តទាំងនេះទៅបើកបរនៅតាំងដងផ្លូវ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅរសៀលម្សិលមិញ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសាខាគយ និងរដ្ឋាករខេត្ត, អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង, កម្លាំងប៉ុស្តិ៍រដ្ឋបាល, មន្ទីរសាធារណការខេត្តកណ្តាល និងអាជ្ញាធរភូមិ-ឃុំ បានចុះទៅដល់យានដ្ឋាន «លី ហុង» ជួសជុលរថយន្ត (យានដ្ឋាននេះមានលិខិតអនុញ្ញាតពីមន្ទីរសាធារណការខេត្ត) នៅភូមិកំពង់ទួល ដែលមានម្ចាស់ទីតាំងឈ្មោះ ង៉ាន់ សាវន ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ពាក់ព័ន្ធនឹងយាន្តដ្ឋាននេះ គឺមានច្បាប់តែជួសជុល ដោយឡែកកម្លាំងចំរុះរបស់យើងបានពិនិត្យឃើញថា មានការកែច្នៃរថយន្តពីរថយន្តទ្រុងតទៅជារថយន្តបែន ជាប្រភេទរថយន្តកាត់ត និងចង្កូតស្តាំ។
លោកបន្ថែមថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចកែច្នៃរថយន្តធុនធំខុសច្បាប់ចំនួន ២ទីតាំង នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដកហូតរថយន្តកែច្នៃ ១៩គ្រឿង រួមមាន៖ ទីតាំងទី១៖ នៅភូមិកំពង់ទួល ឃុំអណ្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមាន៧គ្រឿង និងទីតាំងទី២៖ នៅភូមិស្រុកធំ ឃុំជើងកើប កណ្តាលស្ទឺង ១២គ្រឿង រថយន្តដែលបានយកមកកែច្នៃមានចំនួន១៩គ្រឿង ក្នុងនោះរថយន្តម៉ាក NISSAN DESEL, ម៉ាក CAN TTER និងម៉ាក ISUZU។
សម្រាប់រថយន្តកែច្នៃខុសច្បាប់ទំាំងនេះ ត្រូវបានក្រុមការងារដកហូតទុក ដើម្បីចាត់ការបន្តទៀត៕