(កំពង់ឆ្នាំង)៖ មន្រ្តីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នឹងចាត់វិធានការក្នុងពេលឆាប់ៗខាងមុខនេះ មិនឲ្យមានសកម្មភាពទាំងឡាយណាដែលប្រើម៉ាស៊ីន សម្រាប់អូសកាយលៀស ដែលនាំឲ្យបំផ្លាញ ជីវៈចំរុះបាតទន្លេ។ មន្រ្តីជលផល ក៏បានបញ្ជាក់ជូនដែរថា ការរាវលៀសដោយដៃ ច្បាប់មិនបានហាមឃាត់នោះឡើយ ប៉ុន្តែការប្រើប្រាស់ម៉ាស៊ីន នោះនឹងត្រូវហាមឃាត់។
កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គេឃើញឡានយីឌុបភ្លៅ៤ និងភ្លៅ៥ ចំនួន ១២គ្រឿង កំពុងបញ្ឈរចាំដឹកលៀសចេញពីទីនោះ និងមានទូកកាយលៀសតូចធំរាប់សិបគ្រឿង កំពុងកើបលៀសដាក់ការ៉ុងយ៉ាងរំភើយ និងយ៉ាងរលូនផងដែរ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញបទល្មើសកាយលៀសដោយម៉ាស៊ីនរាប់សិបទូកទាំងតូចទាំងធំ បានបន្តធ្វើសកម្មភាពជារៀងរាល់ថ្ងៃស្ទើរគ្រប់ទីកន្លែង ដែលមានលៀសនៅតាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ហើយមានលៀសរាប់ពាន់ការ៉ុង ត្រូវបានដឹកចេញពីខេត្តទាំងនោះជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាមមួយចំនួនធំ និងមានតិចតួចលក់នៅក្នុងស្រុក។
សកម្មភាពបទល្មើសនេះ មិនទាន់ឃើញសមត្ថកិច្ចរដ្ឋបាលជលផលចេញបង្ក្រាបនៅឡើយទេ តែនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងថា នឹងចាត់វិធានការក្នុងពេលឆាប់ៗខាងមុខនេះ មិនឲ្យបំផ្លាញជីវៈចំរុះបាតទន្លេតទៅទៀតឡើយ។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ការរាវយកលៀសពីទន្លេដោយប្រើដៃ មិនត្រូវហាមឃាត់នោះឡើយ តែច្បាប់បានហាមឃាត់មិនឲ្យធ្វើ សកម្មភាព ដោយប្រើថ្នងដែក និងអូសដោយកម្លាំងម៉ាស៊ីននោះឡើយ ព្រោះថា ការធ្វើសកម្ម ភាពបែបនេះ វានាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីបាតទន្លេ។
នៅបាតទន្លេ លៀសដែលងាប់យូរឆ្នាំ វាបានពុកផុយក្លាយជាជីវៈចំរុះ សំរាប់ចំណីត្រី និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួន ក៏បានពងកូននៅក្នុងភក់នៃបាតទន្លេនោះដែរ។ លោកបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នឹងចុះចាប់ឡានដឹកលៀសទាំងនោះអនុវត្តតាមច្បាប់តែម្តង ព្រោះថា កន្លងមកខាងលោកក៏ធ្លាប់ចាប់បានឡាន ដឹកលៀសចំនួន ២គ្រឿងផងដែរ។
កម្មករម្នាក់ដែលកំពុងលើកលៀស សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃគេឃើញទូករាវលៀសដែលបំពាក់ដោយម៉ាស៊ីនរាប់សិបគ្រឿង បានបណ្តែតបណ្តាក់គ្នាដូចខ្យងលើផ្ទៃទន្លេ ចំណុចដែលមានលៀសស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ និងបានប្រើប្រាស់កញ្ជែងដែកដែលមានទំហ៊ំមុខកាត់ចាប់ពី១ម៉ែត្រកន្លះទៅ២ ម៉ែត្រកន្លះ ទំលាក់ចុះឲ្យកប់ក្នុងភក់បាតទន្លេ បន្ទាប់មកគេប្រើម៉ាស៊ីនកាណូតអូសទាញកាយយកលៀសចេញពីក្នុងភក់បាតទន្លេតែម្តង។ មួយថ្ងៃៗ ចាប់ពីម៉ោងទៀបភ្លឺរហូតដល់ម៉ោង ២រសៀល គេឃើញក្នុងទូកកាយលៀសមួយគ្រឿង អាចរកលៀសបានចាប់ពី ៣០ទៅ៤០ការ៉ុងសំរាប់ទូកតូចៗ។
ចំណែកទូកធំៗវិញបានជាង ១០០ការ៉ុង និងក្នុង ១ការ៉ុងមានទម្ងន់ពី ៧០ទៅ ៨០ គីឡូក្រាម រួចគេបានដឹកមកលក់បន្តជាទ្រង់ទ្រាយធំនៅក្នុងឃុំឆ្នុកទ្រូតែម្តង ដោយពុំទាន់ឃើញសមត្ថកិច្ចជលផល ទាំង៣ខេត្ត នោះបង្ក្រាបនៅឡើយ។
ទីតាំងឈ្មួញទទួលទិញលៀសដ៏ធំដើម្បីដឹកយកទៅលក់បន្ត គឺមាននៅចំណុចកំពង់ដរឆ្នុកទ្រូ ដែលក្នុងមួយថ្ងៃៗ មានរថយន្តយីឌុបធំៗចូលដឹកប្រមាណពី១៥ ទៅ ១៨គ្រឿង ហើយក្នុងមួយគ្រឿងៗ ដឹកលៀសចាប់ពី៣០០ ទៅ ៤០០ការ៉ុង តាមឡានតូចធំ និងមានលៀសរាប់ពាន់ការ៉ុងក្នុងមួយថ្ងៃៗ ត្រូវបានគេកាយបំផ្លាញពីបាតទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តទាំង៣នេះ៕